កម្មវិធីផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ដើម្បីជម្រុញការដាំដុះជាលក្ខណៈ គ្រួសារ សាលារៀន និងសហគមន៍ ដែលមានតម្រូវការដាំដុះបន្លែសុវត្ថិភាព

0

បន្ទាយមានជ័យ៖ គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ដើម្បីជម្រុញការដាំដុះជាលក្ខណៈ គ្រួសារ សាលារៀន និងសហគមន៍ ដែលមានតម្រូវការដាំដុះបន្លែសុវត្ថិភាព ត្រូវបាន ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាប្រគលជូនពលរដ្ឋនៅតាមព្រំដែន នៅវត្តនិមិត្តសុធីរាម (ហៅវត្តកូនដំរី) ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធីផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ដើម្បីជម្រុញការដាំដុះជាលក្ខណៈ គ្រួសារ សាលារៀន និងសហគមន៍ ដែលមានតម្រូវការដាំដុះបន្លែសុវត្ថិភាព បណ្តារខេត្តតាមបណ្តោយព្រំដែន កម្ពុជា~ថៃ។

លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការប្រមូលផលបន្លែ ដំណាំ និងរក្សាទុកគ្រាប់ពូជសម្រាប់ដំាដុះនៅរដូវបន្ទាប់ គឺជារឿងមួយដែលកសិករតែងតែយកចិត្តទុកដាក់។ ទោះយ៉ាងណា កសិករមួយចំនួន នៅជួបបញ្ហាក្នុងការទុកដាក់ និងរក្សាគ្រាប់ពូជឲ្យបានល្អ សត្វល្អិតបំផ្លាញគ្រាប់ពូជ ឬខ្មូតបំផ្លាញជាដើម។ បើមិនដូច្នោះ ក៏គ្រាប់ពូជទាំងនោះ ផ្តល់ទិន្នផលទាបដែរ។ បញ្ហាទាំងអស់នេះ គឺបណ្ដាលមកពី ការប្រមូលផលពីចម្ការយឺតយ៉ាវ ការសម្រាំងពូជមិនបានត្រឹមត្រូវ ការសម្ងួតគ្រាប់ពូជមិនស្ងួតល្អ និងការទុកដាក់ពុំបានត្រឹមត្រូវតាមបច្ចេកទេសជាដើម។

ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានមានប្រសាសន៍ថា ដើម្បីរក្សាទុកគ្រាប់ពូជ ដើម្បីទទួលបានប្រសិទ្ធភាព ពេលចាប់ប្រមូលយកផ្លែពីចម្ការ កសិករត្រូវជ្រើសរើសយកផ្លែ ឬកួរណា ដែលទុំពេញលេញ ប៉ុន្តែមិនត្រូវឲ្យទុំជ្រុល ដូចជាទុំរលួយ ឬទុំស្ងួតយូរថ្ងៃនោះឡើយ។ បន្ទាប់ពីជ្រើសរើសរួចរាល់ ក្នុងវគ្គនៃការសម្រាំងយកគ្រាប់ពូជ គឺត្រូវពុះយកគ្រាប់ ដាក់ត្រាំទឹកមួយយប់ និងត្រូវលាងសម្អាតជាតិរំអិលជាប់នឹងគ្រាប់ឲ្យស្អាត។ បង្កើនការផ្គត់ផ្គង់ស្បៀង និង បង្កើនប្រភពចំណូលបន្ថែម ដល់គ្រួសារ ចូលរួមបង្កើនការដាំបន្លែក្នុង សហគមន៍ នៅតាមផ្ទះ និងសាលារៀន បង្កើនការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដាំក្នុងស្រុក ដើម្បីកាត់បន្ថយ ការនាំចូលបន្លែគីមី ជួយលើកស្ទួយសុវត្ថិភាព ចំណីអាហារ និងកែលម្អ លទ្ធភាពអាហារូបត្ថម្ភដល់ ប្រជាជនកម្ពុជា។

ចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីក៏បានផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋរួមមាន៖ សណ្ដែកកួរ ត្រប់វែង ស្ពៃខៀវ ប៉េងប៉ោះ និងល្ពៅផងដែរ៕ដោយ៖ឃិន គន្ធា