រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញបើកវេទិកា​អេកូទេសចរណ៍​ជាតិ​ឆ្នាំ​២០២៥ ​ដើម្បីជំរុញ​ការ​អភិវឌ្ឍ​ទេសចរណ៍​សហគមន៍​

0

សៀមរាប៖​ វេទិកា​អេកូទេសចរណ៍​ជាតិ​ឆ្នាំ​២០២៥ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​សុខា​សៀមរាប ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម ហូត ហាក់ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ និងជាប្រធាន គ.ជ.អ.អ.​ និង​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងប្រតិភូអមដំណើរ ។

ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អេកូទេសចរណ៍ និង​ទេសចរណ៍​សហគមន៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​វេទិកា​ជាតិ​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​តំណាង​សហគមន៍​ទេសចរណ៍​មកពី​គ្រប់​ខេត្ត-ក្រុង ថ្នាក់ដឹកនាំ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ជាតិ-អន្តរជាតិ សរុប​ប្រមាណ​ជាង៦០០នាក់។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​សំខាន់ៗ​ដល់​សហគមន៍​ទេសចរណ៍​ទូទាំង​ប្រទេស​ ដោយ​បាន​លើកឡើង​អំពី​ទស្សនៈ​ «ការ​នាំចេញ​នៅនឹង​កន្លែង» ដែល​សំដៅ​ដល់​ការ​ផលិត​ដើម្បី​ផ្គត់ផ្គង់​ដល់​ភ្ញៀវ​ទេសចរណ៍​ដោយ​ផ្ទាល់ ​និង​បាន​សង្កត់ធ្ងន់​ថា៖ «សហគមន៍​ទេសចរណ៍​គឺជា​ទីផ្សារ​ដ៏​ងាយស្រួល​និង​ឆាប់រហ័ស​បំផុត​សម្រាប់​ការ​លក់​ផលិតផល​កសិកម្ម​របស់​បងប្អូន​ប្រជាពលរដ្ឋ យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ធានា​ថា គុណភាព​និង​បរិមាណ​កសិផល​ដែល​ផលិត​បាន​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ។ នេះ​គឺជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើត​ចំណូល​បន្ថែម​និង​លើកកម្ពស់​ជីវភាព​របស់​សមាជិក​សហគមន៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង»។

 

​ ឯកឧត្តម ហូត ហាក់ បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​អេកូទេសចរណ៍​ជា​ «មាស​បៃតង» ដែល​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ ការ​បង្កើត​ឱកាស​ការងារ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព ឯកឧត្ដម​បាន​លើកទឹកចិត្ត​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ត​ពង្រឹង​កិច្ចសហការ​គ្នា​តាម​យន្តការ​ ភាពជា​ដៃគូ រដ្ឋ-ឯកជន-ប្រជាជន  ដើម្បី​ធានា​ថា វិស័យ​ទេសចរណ៍​សហគមន៍​និង​អេកូទេសចរណ៍​នៅតែ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​ប្រជាពលរដ្ឋ។

ឯកឧត្តម​រដ្ឋមន្រ្តី​ក៏បាន​អបអរសាទរ​ចំពោះ​ការ​ដឹកនាំ​របស់​ក្រសួង​ទេសចរណ៍​ដែល​បាន​ជំរុញ​ការ​រៀបចំ​វេទិកា​នេះ​ឡើង ក្នុង​បំណង​លើកស្ទួយ​សក្តានុពល​ធម្មជាតិ និង​វប្បធម៌​របស់​កម្ពុជា​ទៅកាន់​ពិភពលោក គោលបំណង​សំខាន់​នៃ​វេទិកា៖ ​បង្ហាញ​លទ្ធផល​ការងារ​ពាក់ព័ន្ធ​នឹង​អេកូទេសចរណ៍ និង​ទេសចរណ៍​សហគមន៍ ​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​សហគមន៍​កំពុង​ជួបប្រទះ ​ពិភាក្សា​និង​ដាក់ចេញ​នូវ​ជម្រើស​ដំណោះស្រាយ និង​យុទ្ធសាស្ត្រ​ថ្មីៗ ​ជំរុញ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ និង​មាន​ការ​រៀបចំ​ពិព័រណ៍​សហគមន៍​ទេសចរណ៍ ​អេកូទេសចរណ៍ ភ្ជាប់​ជាមួយ​គ្នា​ផង​ដែរ ដើម្បី​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល និង​សេវាកម្ម​ចម្រុះ​របស់​សហគមន៍​មកពី​ទូទាំង​ប្រទេស ហើយ​រំពឹង​ថា​នឹង​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​គុណភាព និង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​អេកូទេសចរណ៍​អាទិភាព​​របស់​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ប្រកប​ដោយ​និរន្តរភាព។

 

ដោយ ប៊ុន រដ្ឋា