ខេត្តត្បូងឃ្មុំ: ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទ ប្រវែង ៦,៣០គ.ម និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម នៅក្នុងខេត្ត
ត្បូងឃ្មុំ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB)។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជម្រាបជូនអំពីយុទ្ធសាស្ដ្របញ្ចកោណ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ដជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយក្នុងនោះ ក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម”។ ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ផ្លូវទាំង ១ខ្សែ ប្រវែង ៦,៣០គ.ម និងសំណង់សិល្បការ្យចំនួន ១១កន្លែង និងការបំពាក់អំពូលសូឡាបំភ្លឺលម្អតាមដងផ្លូវ ចំនួន ១៦៧ដើម ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជន ក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ថា ជាមួយនឹងកម្មវិធីបើកការដ្ឋាននាពេលនេះ ក៏សូមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវខ្សែផ្លូវជនបទចំនួន ៩ខ្សែ ដែលមានប្រវែងសរុប ៧០,៤គ.ម ផងដែរ ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋចំនួន ១២ឃុំ មណ្ឌលសុខភាពចំនួន ៧កន្លែង, សាលារៀនចំនួន ២៦កន្លែង, ផ្សារ ៧កន្លែង និងវត្តអារាមចំនួន ១២កន្លែង តាមរយៈការជួយគាំទ្រ និងសម្រួលដល់ការប្រកបការងារប្រចាំថ្ងៃ ចំណេញពេលវេលា និងថវិកា ជាពិសេសធានាបាននូវការប្រើប្រាស់ផ្លូវបានគ្រប់រដូវកាលផងដែរ ៕






































