ពលរដ្ឋក្នុងស្រុកជើងព្រៃ បានស្នើសុំដោះស្រាយបញ្ហាតម្លៃស្រូវ រួមនឹងបញ្ហាផ្សេងៗ ១២ករណី ក្នុងអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

0

កំពង់ចាម: ប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ បានស្នើសុំដោះស្រាយបញ្ហាតម្លៃស្រូវ សុំផ្លូវធ្វើដំណើរ និងដឹកជញ្ជូនកសិផល រួមនឹងបញ្ហា ផ្សេងៗ ១២ករណី ក្នុងអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ ក្រុមប្រឹក្សា ខេត្តកំពង់ចាម លើកទី២ អាណត្តិទី៤ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្តស្អាង ស្ថិតក្នុងភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្នុងអង្គវេទិកានេះ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ផេន សុផល អភិបាលរងខេត្ត បានដឹកនាំការឆ្លើយតបភ្លាមៗ នូវសំណើរ សំណូមពរ និងកង្វល់ ដែលបងប្អូន ប្រជាពលរដ្ឋលើកឡើងរួមមាន ការស្នើសុំដោះស្រាយបញ្ហាតម្លៃស្រូវ សុំផ្លូវធ្វើដំណើរ និង ដឹកជញ្ជូនកសិផល ក្នុងនោះក៏មានការស្នើសុំផ្លូវបេតុង ផ្លូវក្រាលគ្រួស សុំដីគ្រួសក្រហមចាក់ផ្លូវ សុំជួសជុលផ្លូវ សុំថវិកាកសាងក្លោងទ្វារសាលាសហគមន៍ ។ល។

ក្នុងឱកាសនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងវេទិ កាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នក ចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិ ចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អ ប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍ អភិវ ឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕