បន្ទាយមានជ័យ៖ទីតាំងឃ្លាំង ២កន្លែងដែលបានស្តុបទុកសាច់បង្កក ស្ថិតនៅភូមិបាលិលេយ្យ២ និងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធម៏និងមន្ត្រីចម្រុះដកហូត យកទៅពិសោធន៍សំណាក់រកសារធាតុគីមី ដើម្បីឲ្យដឹងថាសាច់នោះមានគុណភាពល្អទៅតាមស្តង់ដាបច្ចេកទេស ឬមិនមានគុណភាព។
ការចុះពិនិត្យនេះធ្វើឡើងនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥
ក្រោមវត្តមានលោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ។
មន្ត្រីជំនាញបានដកហូតយកសាច់បង្កកចំនួន ៦ប្រភេទដូចជា ទាមូល ចុងស្លាបមាន់ គល់ស្លាប់មាន់ (ទាំងមូល) ស្លាប់កណ្ដាល ភ្លៅមាន់ និងប្រហិតសាច់ជ្រូក យកទៅពិសោធន៍សំណាក់រកសារធាតុគីមី ដើម្បីឲ្យដឹងថាសាច់នោះមានគុណភាពល្អទៅតាមស្តង់ដាបច្ចេកទេស ឬមិនមានគុណភាព។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ដើម្បីទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន សូមឱ្យកងកម្លាំងឬស្ថាប័នដែលមានការពាក់ព័ន្ធ ជួយសហការបង្ក្រាបបទល្មើសតាមព្រំដែនឲ្យខានតែបាន ដោយសង្កេតឃើញថាសព្វថ្ងៃនេះឈ្មួញតែងតែនាំឥវ៉ាន់គេចពន្ធតាមច្រករបៀងជាច្រើន តាមបណ្ដោយបន្ទាត់ព្រំដែន ដែលមានក្រុង-ស្រុកចំនួន ៥ នៅក្នុងខេត្តបន្ទាយមានជ័យ។
លោកបានបន្តទៀតថា ការទប់ស្កាត់សាច់បង្កកដែលដាក់លក់តាមទីផ្សារអាចប្រឈមនិងជំងឺជាច្រើនដែលយើងមិនបានទប់ស្កាត់ និងពិនិត្យមើលឲ្យបានច្បាស់លាស់ ដោយសារតែមានជនខិលខូចតែងតែនាំផលិតផលលួចចូលតាមច្រករបៀងជាហូរហែ ដែលអាចបង្ករធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលកំពុងតែបរិភោគជាប្រចាំថ្ងៃ។
គួរបញ្ជាក់ផងដែរថា មន្ត្រីបានដកហូតគ្រឿងបង្កកចំនួន ២៨០គីឡូក្រាម ដោយពិនិត្យឃើញថាមានក្លិនស្អុយ នឹងខូចគុណភាព សាច់ទាំងអស់នេះក៏បានបញ្ជូនយកទៅដុតកំទេចចោល៕ដោយ៖ឃិន គន្ធា






































