ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ មេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មានប្រសាសន៍ថា ការទទួលបានមុខតំណែងថ្មីនៅពេលនេះ គឺជាការបង្កើននូវស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀត ចំពោះមុខតំណែង និងភារកិច្ចថ្មី ដើម្បីឲ្យសក្តិសមនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំ។
មានប្រសាសន៍បែបនេះ គ្រាដែលលោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស តែងតាំង ផ្លាស់ប្តូរ មុខតំណែងជូន នាយទាហាន នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានក្រើនរំលឹកដល់នាយទាហានទាំងអស់ ពិសេសនាយទាហានដែលទើបទទួលបានមុខតំណែងថ្មី ត្រូវពង្រឹងគោលជំហរ សតិអារម្មណ៍រឹងមាំ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាត ការធ្វើបដិវត្តន៍ពណ៌ របស់ពួកជនក្បត់ជាតិមួយក្តាប់តូច ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ផ្តួលរំលំរបបរាជានិយមនៅកម្ពុជា ជាមួយនឹងការតស៊ូ ប្រយុទ្ធ ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដើម្បីសុខសន្តិភាពជូនជាតិទាំងមូល ។
លោកឧត្តមសេនីយ៍ទោ មេបញ្ជាការយោធភូមិភាគទី១ បានថ្លែងកោតសរសើរ ចំពោះកងទ័ពដែលកន្លងមកបានធ្វើពលិកម្មគ្រប់បែបយ៉ាង ឆ្លងកាត់គ្រោះថ្នាក់ និងឧបសគ្គគ្រប់ជំពូកដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ។ លោកមេបញ្ជាការ បានថ្លែង រំលឹកឡើងវិញអំពីព្រឹត្តិការណ៍សំខាន់ថ្មីៗ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរងនូវការឈ្លានពានពីសំណាក់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា ក្នុងនោះដែរ ដោយគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់លើកងទ័ព អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ បានឈរជើងការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈស្នេហាជាតិមុះមុត អង់អាចក្លាហាន និង ប្រកបដោយស្មារតី គោរពវិន័យ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងនៅគ្រាបច្ចុប្បន្ន កងទ័ពបានសហការជាមួយ អង្គភាពនានា ឈរជើងការពារបណ្តាមុខព្រួញ ដែលទទួលខុសត្រូវបានយ៉ាងរឹងមាំ ។
មេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់នាយទាហាន ដែលត្រូវបានប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែងថ្មី ត្រូវខិតខំគោរពវិន័យ បទបញ្ជា របស់កងយោធពលខេមរភូមិន្ទ គោរពច្បាប់របស់រដ្ឋ និងបទបញ្ជា របស់ថ្នាក់លើ យកចិត្តទុកដាក់ដឹកនាំ កសាង និងពង្រឹងអង្គភាព ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ចូលរួមដឹកនាំក្នុងចលនា បង្កបង្កើនផល និងចិញ្ចឹមសត្វ ត្រូវចេះថែទាំសុខភាពជាប្រចាំ ជាពិសេសយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋ ដែលជួបការលំបាក ជួបគ្រោះធម្មជាតិ ជុំវិញមូលដ្ឋានដែលអង្គភាព កំពុងឈរជើងក្នុងពេលបច្ចុប្បន្ន៕






































