ដោយ៖ឡុង សំបូរ
រាជធានីភ្នំពេញ៖ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្ដមសេនីយ៍ សៅ សុខា បានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដែលមានសមាសភាព៨រូប ដឹកនាំដោយមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យ នូវសកម្មភាពមិនប្រក្រតីនៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ឧត្តមសេនីយ៍
ត្រី សាក់ សារ៉ាង ។ ការបង្កើតក្រុមការងារចំពោះកិច្ចនោះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
យោងតាមសេចក្តីសម្រេចរបស់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្ដល់សិទ្ធិឱ្យក្រុមការងារចំពោះកិច្ច អាជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ, ចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំងអ្នកដែលមានការពាក់ព័ន្ធ មកធ្វើការសាកសួរ-បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្តែង បូកសរុបលទ្ធផលការងារ និងធ្វើរបាយការណ៍ជូន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ-សម្រេច។
វិធានការ និងការបង្កើតឡើងក្រុមការងារចំពោះកិច្ចរបស់ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានកើតឡើង បន្ទាប់ពីកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានសមាគមយុវជនស្រឡាញ់ធម្មជាតិ លោក តាន់ គីមសួរ បានស្វែងរកអន្តរាគមន៍ឲ្យជួយបង្ក្រាបបទល្មើសព្រៃឈើ ពីមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប៉ុន្តែមេអាវុធហត្ថខេត្តក្រចេះ មិនបានសហការនោះទេ ប៉ុន្តែបញ្ជាឲ្យកូនចៅសួររកលិខិតបេសកកម្មពី លោក តាន់ គីមសួរ ទៅវិញ។
នៅថ្ងៃទី២៦វិច្ឆិកា ដដែលនោះ នាយឧត្ដមសេនីយ៍ សៅ សុខា ក៏បានណែនាំភ្លាមៗទៅកាន់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ត្រូវចូលរួមសហការបង្ក្រាបបទល្មើសព្រៃឈើ។ បន្ទាប់មក កម្លាំងជំនាញព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានចុះទៅសហការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់នោះដែល លោក តាន់ គីមសួរ បានរាយការណ៍។
គួររំលឹកថា កាលពីចុង ខែឧសភា ឆ្នាំ២០២៥ ប្រធានសមាគមយុវជនស្រឡាញ់ធម្មជាតិ លោក តាន់ គីមសួរ ក៏ធ្លាប់បានប្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ឱ្យបើកការស៊ើបអង្កេតលើ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងឈានឆ្ពោះទៅចាត់វិធានការច្បាប់។ លោក តាន់ គីមសួរ ដាក់ពាក្យបណ្ដឹង ព្រោះសន្និដ្ឋានថា មេអាវុធហត្ថខេត្តក្រចេះ មានទំនាក់ទំនងជាមួយឈ្មួញឈើដុះស្នឹមដ៏ល្បីឈ្មោះ ហើយថែមទាំងសហការគ្នាចរាចរផល-អនុផលព្រៃឈើខុសច្បាប់៕






































