ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ចេញកងកម្លាំងល្បាតជាប្រចាំ ដើម្បីតាមដានសភាពការណ៍ ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ

0

(កំពង់ធំ)÷ ដោយអនុវត្តតាមគោលការណ៍  របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានា សេចក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។

កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ដ បានថ្លែងឱ្យដឹងថា លោកស្នងការបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជំរុញដល់កម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង០៩ ត្រូវយកចិត្តទុកដាក់ ពង្រឹងការអនុវត្តច្បាប់ ការអនុវត្តវិធានការជំនាញ បង្កើនការផ្សព្វផ្សាយគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវសហការ ជាមួយអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ចុះធ្វើវេទិការ
សាធារណៈ ផ្សព្វផ្សាយគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដោយលើកយកប្រធានបទ÷ ១.ហឹង្សាក្នុងគ្រួសារ,២.បញ្ហាគ្រឿងញៀន,
៣.ក្មេងទំនើង,៤.អំពើចោរកម្ម,៥.ច្បាប់ចរាចរណ៍ផ្លូវគោក,៦.គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ  ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ តាមគោលដៅងាយរងគ្រោះ រួមមាន គ្រិះស្ថាន សាលារៀន មជ្ឈមណ្ឌល រោងចក្រសហគ្រាស ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យទទួលបានលទ្ធផលល្អប្រសើរ ។

បន្ថែមការងារខាងលើនេះ ស្នងការបានក្រើនរំឭក ដល់កងកម្លាំងតាមអង្គភាពនីមួយៗ ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្ត ត្រូវបន្តពង្រឹងការប្រមូលផ្តុំកងកម្លាំង ផ្លាស់ប្តូរវេនប្រចាំការ ក្នុងអង្គភាព រង់ចាំកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ។

លោកស្នងការ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមសហការជាសមត្ថកិច្ច នៅពេលដែលមានបទល្មើសកើតមានឡើង ដើម្បីសមត្ថកិច្ចមានមូលដ្ឋានបង្ក្រាបបានទាន់ពេលវេលា និងទទួលបានប្រសិទ្ធភាពខ្ពស់៕