(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សត្រូវរួបរួមសាមគ្គីគ្នាឱ្យបានរឹងមាំដើម្បីសច្ចធម៌ជាប្រវត្តិសាស្ត្រ២ធ្នូ សុខសន្តិភាពនិងការអភិវឌ្ឍ លោកអភិបាលស្រុកស្ទោង បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោក និងលោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសហការីបានអញ្ជើញជាអធិបតីភាពនៅ
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៧ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាពី២ធ្នូ នៅស្រុកស្ទោងកាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៥។
ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវដល់សិស្សានុសិស្សត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅថែមទៀតអំពីអត្ថន័យស្មារតី ២ធ្នូ ដែលឥស្សរជន និងបុព្វការីមានគុណរបស់យើង បានរួបរួមសាមគ្គីសហការគ្នាបង្កើតឡើង និងនាំមកនូវមហាជ័យជំនះ៧មករា ដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងរស់នៅប្រកបដោយកិត្តិយសមសេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើនសម្បូរសប្បាយ សិទ្ធិសេរីភាពយ៉ាងទូលំទូលាយប្រកបដោយក្តីសង្ឃឹមនិងភាពញញឹមគ្រប់ពេលវេលា គ្រប់ទីកន្លែង ក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍដែលរាជរដ្ឋាភិបាលបានអនុវត្ត និងកំពុងបន្តអនុវត្តប្រកបដោយនិរន្តរភាព។
ជាមួយគ្នានេះលោកក៏បានគោរពការសរសើរនិងអបអរសាទរក្រៃលែងជាមួយប្រជាជនកម្ពុជាដែលរស់នៅក្រោមម្លប់សន្តិភាព ការអភិវឌ្ឍប្រកបដោយផ្លែផ្កាត្រចះត្រចង់ និងមោទកភាពបំផុត ជាពិសេសការអនុវត្តនូវយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ហើយតម្កល់នូវគុណតម្លៃនៃសុខសន្តិភាពនេះជាតម្លៃអមតៈដែលមិនអាចកាត់ថ្លៃឬដោះដូរបានទោះក្នុងតម្លៃណាក៏ដោយ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សាយ គឹមឡម បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះបុណ្ណញាណ ណិប អ៊ាន ព្រះអនុគណស្រុក និងសាលាអនុគណស្រុកស្ទោង ព្រះមន្ត្រីសង្ឃព្រមទាំងសហការី ដែលបាននិងតែងតែចូលរួមសហការ លើកទឹកចិត្ត និងឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់បច្ច័យ ព្រមទាំងស្មារតីយ៉ាងសកម្មជាមួយនឹងរដ្ឋបាលស្រុក ក្នុងកិច្ចការមនុស្សធម៌ជាមួយពលរដ្ឋ ងាយរងហានិភ័យ ឬជួបឧបទ្ទវហេតុផ្សេងៗក្នុងមូលដ្ឋាន កន្លងមកនិងសូមចូលរួមសហការបន្តនូវកិច្ចការមនុស្សធម៌នេះឱ្យបានជានិរន្ត។
ជាចុងបញ្ចប់លោកបើលើកទឹកចិត្តដល់យុវជន សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីសមត្ថភាពហើយត្រូវធ្វើខ្លួនជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិទៅអនាគត ជាពិសេសមិនត្រូវមោទកភាពចំពោះលទ្ធផលសិក្សារបស់ខ្លួនហើយត្រូវមានភាពវាងវៃ និងបតបែនគ្រប់កាលៈទេសៈ។ នៅក្នុងពិធីអបអរសាទរនេះមានសមាជិកសមាជិកចូលរួមសរុបប្រមាណ២៥៨នាក់៕






































