(កំពង់ធំ)៖ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេជាតិ ។
ឯកឧត្តម ថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៥) នៅក្នុងស្រុកសណ្តាន់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន បុត្ត បានលើកឡើងថា ស្មារតី២ធ្នូ គឺជាថ្ងៃគម្រប់ខួបលើកទី៤៧ (២ធ្នូ ១៩៧៨-២ ធ្នូ ២០២៥) ទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស រួបរួមក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដែលបានដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
ឯកឧត្តម បានបន្តថា សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយផ្ទុយមកវិញ ការរអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ធានា និងពង្រឹងសន្តិភាព និងស្ថិរភាពសង្គម។ ព្រមជាមួយគ្នានេះ នៅក្នុងដំណើរការសន្តិភាពរបស់ជាតិ យើងគប្បីចងចាំថាសង្គ្រាម និងការបែកបាក់ជាតិ ដែលកើតមកពីការដឹកនាំមិនត្រឹមត្រូវបស់អ្នកជំនាន់មុន និងការចូលជ្រៀតជ្រែកយ៉ាងខ្លាំង ពីសំណាក់បរទេស បានបន្សល់ទុកបញ្ហាឱ្យអ្នកជំនាន់ក្រោយត្រូវតែដោះស្រាយ ហើយការដោះស្រាយនោះ ត្រូវជៀសវាងការយកសង្គ្រាមមកបញ្ចប់សង្គ្រាម។
បន្ទាប់មក ឯកឧត្តម ក៏បានលើកឡើងអំពីសភាពការណ៍ព្រំដែន ជាពិសេសផ្លែផ្កាជាវិជ្ជមានគួរជាទីមោទនៈ នៃយុទ្ធសាស្ត្រស្ងាត់តែមិននៅស្ងៀម របស់សម្តេចមហាបវរធិបតី ដែលនាំកម្ពុជាឱ្យចៀសផុតនៅដំណាក់កាលនេះ ពីវិនាសកម្មដ៏ធំធេង ដែលកើតចេញពីសមរភូមិសង្គ្រាមរវាងថៃ និងកម្ពុជា ដោយបានដឹកដៃភាគីថៃ ចូលក្នុងសមរភូមិការទូត ដោយមានអន្តរជាតិដឹងលឺ និងសមរភូមិផ្លូវច្បាប់ ដែលនេះជាសមរភូមិល្អបំផុត ដើម្បីធានាបាននូវការការពារបូរណភាពទឹកដីរបស់កម្ពុជា ដោយមិនមានការបង្ហូរឈាម។ អត្ថបទដោយ សូរហ៊ាន សំអាង






































