កំពង់ធំ÷ លោក សាយ គឹមឡម បានលើកទឹកចិត្តដល់សហការី និងកងកម្លាំងទាំងបី ត្រូវខិតខំពង្រឹងគុណភាពប្រសិទ្ធភាពការងារក្នុងការផ្ដល់សេវាក៏ដូចជារក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរ លោកអភិបាលស្រុកស្ទោងបានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោក និងលោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានអញ្ជើញជួប
សំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ និងកងកម្លាំងទាំង៣ ព្រមទាំងប្រជាពលរដ្ឋងាយរងហានិភ័យ កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅអគាររដ្ឋបាលស្រុកស្ទោង។
លោកបានបន្ថែមថា ក្នុងនាមជាមន្ត្រីរាជការគឺជាអ្នកបម្រើនិងជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋដោយស្មោះត្រង់អស់ពីបេះដូង ដែលទទួលខុសត្រូវចំពោះមុខរាជការ និងជាអ្នកដែលផ្ដល់សេវាដោយផ្ទាល់ ហើយនៅជិត ស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋបំផុត។ លោកបានកោតសរសើរខ្ពស់ដល់សហការី កងកម្លាំងទាំង៣ដែលបានលះបង់កម្លាំងកាយចិត្ត និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយគុណភាពប្រសិទ្ធភាព ព្រមទាំងមានទំនួលខុសត្រូវខ្ពស់បំផុត។
មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកស្ទោងនិងកងកម្លាំងទាំង៣ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង លោក សាយ គឹមឡម អភិបាលស្រុក តែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពក៏ដូចជាតែងតែលើកទឹកចិត្តពួកគាត់ក្នុងការអនុវត្តកិច្ចការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងរក្សារសន្តិសុខសណ្ដាប់ក្នុងមូលដ្ឋានបានល្អប្រសើរកន្លងមក។
សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះលោកអភិបាលស្រុកស្ទោង បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ១ចំនួនដល់មន្ត្រីរាជការចំនួន៦៨នាក់ ប្រជាពលរដ្ឋងាយរងហានិភ័យ៣គ្រួសារ និងអង្គភាពកងកម្លាំងទាំងបីផងដែរ។






































