សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ គ្រួសារកងទ័ព និងវីរកងទ័ពជួរមុខ នៅខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ផ្តល់ជូនដល់ក្រុមគ្រួសារកងទ័ព និងវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃទិសទី១ ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ​ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។

ដំណើរឆ្ពោះទៅកាន់ទិសទី១ ប្រាសាទព្រះវិហារ របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវគេដឹងថា ក្នុងគោលបំណងដើម្បីចូលរួមលើកទឹកចិត្ត គាំទ្រ និងជួយសម្រាលបន្ទុកដល់វីរកងទ័ព និងក្រុមគ្រួសារកងទ័ព ដែលកំពុងជួបការលំបាក ខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារភ្លើងសង្គ្រាមដែលបង្កឡើងដោយកងទ័ពសៀមឈ្លានពានកម្ពុជា ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព កងនគរបាល ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ក្នុងការការពារខឿនការពារជាតិ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នា ត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិ សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ទៀតថា គណបក្ស និងរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថា ពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូនរបស់ពួកគាត់ កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត បានណែនាំដល់អជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំ ដល់ក្រុមគ្រួសារកងទ័ព នៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន រីឯការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខ ឲ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយ ទទួលបានការមើលថែដិតដល់។

ព្រះអំណោយ អំណោយ ដែលចែកជូនដល់គ្រួសារកងទ័ព និងប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៩ នាថ្ងៃនេះ ទទួលបានមកពីការសព្វព្រះហប្ញទ័យប្រទាន របស់សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងចូលរួមឧបត្ថម្ភរបស់ លោកបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា គណៈកម្មការទី៨ ព្រឹទ្ធសភា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រុមហ៊ុន ស៊ីបកូ (SIPCO) ក្រុមហ៊ុនវឌ្ឍនៈ-ជីបមុង ព្រមទាំលោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាច្រើនទៀតផងដែរ៕ដោយ៖ឡុង សំបូរ