ខេត្តក្រចេះ៖ កូនផ្សោត ១ក្បាលទៀតបានកើត និងត្រូវបានប្រទះឃើញដោយក្រុមអ្នកស្រាវជ្រាវ និងល្បាត នៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា នារសៀលថ្ងៃទី១ធ្នូ២០២៥ នៅក្នុងទន្លេមេគង្គខេត្តក្រចេះ នេះជាកូនផ្សោតទី៨ ដែលបានកើតនៅក្នុងឆ្នាំនេះ ធ្វើឱ្យប្រទេសកម្ពុជា មានចំនួនផ្សោតទន្លេមេគង្គ កើនឡើងដល់ ១១២ក្បាល ខណៈឆ្នាំ២០២៥នេះ ជាឆ្នាំប្រវត្តិសាស្ត្រ គ្មានផ្សោតស្លាប់នោះទេ។
សូមជម្រាបថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសនៅថ្ងៃទី២ធ្នូ២០២៥នេះថា កូនផ្សោតដែលទើបកើតថ្មី ១ក្បាលនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវ និងល្បាតនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា បានប្រទះឃើញ កាលពីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រសូងកសិកម្មបានបញ្ជាក់ថា៖ «ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី៨នេះ មានអាយុប្រហែល១ថ្ងៃ មានសុខភាពល្អ និងកំពុងបណ្តើរដោយមេ ដែលមានលេខកូដសម្គាល់១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាលផ្សេងទៀត»។
ក្រសូងកសិកម្មបានបញ្ជាក់ទៀតថា៖ ឆ្នាំ២០២៥ នេះគឺជាឆ្នាំ នៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា ដែលពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ និង១៨ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។
តាមរយៈកូនផ្សោតកើតថ្មីនេះទៀតសោត ចំនួនសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិមានចំនួនសរុបកើនដល់ ១១២ក្បាល ដោយកើនឡើងពី ៩០ក្បាល ក្នុងឆ្នាំ២០០២។
កំណត់ត្រាគ្មានផ្សោតស្លាប់នេះ គឺជាជោគជ័យលើការអភិរក្ស មិនធ្លាប់មានក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ បើគិតចាប់ពីការចាប់ផ្តើមតាមដាន និងកត់ត្រាដំបូងនៅឆ្នាំ២០០២ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណ ចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និងការពារធនធានជលផល ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ។
ទន្ទឹមនេះ ក្រសួងក៏បានអំពាវនាវ សូមផ្តល់ព័ត៌មានទៅសមត្ថកិច្ចជលផល ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត តាមរយៈទូរស័ព្ទលេខ ០១២ ៨៩៧៩៤៣ ០១១ ៣៥៥៨៨៣ ០៩៩ ៧៩១៩១៩ ០៩២ ៩១៨១៤៤ និង ០១៧ ៨១៨៣៨២៕ដោយ៖ឡុង សំបូរ






































