ខេត្តព្រះវិហារ៖ កាកបាទក្រហមកម្ពុជា និងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានផ្តល់អំណោយដល់គ្រួសារវីរកងទ័ព ដែលមានជីវភាពខ្វះខាត នៅភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ កាលពីថ្ងៃទី១ធ្នូ២០២៥។ ការផ្តល់អំណោយនោះ បានធ្វើឡើងតាមរយៈ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ និងលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ។
លោក ស៊ឹម សុខហេង ជាវីរកងទ័ពកំពុងឈរជើងនៅសមូរភូមិទិសភ្នំទ្រព្យ ខេត្តព្រះវិហារ ដែលមានគ្រួសាររស់នៅក្នុងក្រុងព្រះវិហារ ត្រូវបានលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុង ដឹកនាំក្រុមការងារនាំអំណោយជាសម្ភារ ថវិកា យកទៅប្រគល់ជូនដល់លំនៅដ្ឋាន។
ដោយឡែក ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ជាអនុប្រធានគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជូនគ្រួសារវីរកងទ័ពលោក ស៊ឹម សុខហេង ផងដែរ។
អំណោយទាំងនោះរួមមាន៖ ភេសជ្ជៈ ទឹកផ្លែឈើ ទឹកបរិសុទ្ធ មី ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ និងថវិកា ១លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់នាយឧត្តមសេនីយ៍ ខេង សុមេធ៕ដោយ៖ឡុង សំបូរ






































