សៀមរាប: គ្រួសារកងទ័ព និងជនភៀសសឹកស្នាក់នៅក្នុងស្រុកស្រីស្នំចំនួន ២ពាន់គ្រួសារ បានទទួលអំណោយពីមូលនិធិ Eatame, Eat More, PPCC & Heng Visal នៅថ្ងៃទី៩ ខែ មករា ឆ្នាំ២០២៦។
ឯកឧត្តម សុិន រុន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានមានប្រសាសន៍ថា ការចែកអំណោយជូនដល់បងប្អូននៅពេលនេះ គឺ
ក្នុងស្មារតីខ្មែរជួយខ្មែរ ការជួយដល់បងប្អូនមិនត្រឹមតែស្បៀងអាហារនោះទេ មានទាំងថ្នាំពេទ្យដែលបានគិតគូរដល់បញ្ហាសុខភាពជាសំខាន់សម្រាប់ធានាដល់មណ្ឌលសុវត្តិភាពទាំង៦ដែលស្ថិតក្នុងស្រុកស្រីស្នំនេះដែលទទួលបន្ទុកជនភៀសសឹក ។ ឯកឧត្ដមបន្តថា បើបងប្អូនមានបញ្ហាសុខភាពសូមមកជួបជាមួយគ្រូពេទ្យដែលមានស្រាប់ចាំជួយដល់បងប្អូនគ្រប់រូបដែលប្រចាំការ២៤ម៉ោងនៅទីកន្លែងផ្ទាល់។ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានយកចិត្តទុកដាក់ និង បានឧបត្ថម្ភដល់ជនភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងស្រុកស្រីស្នំជាពិសេសគិតគូរពីសុខភាពបងប្អូនជនភៀសសឹក ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃដែល ផ្ទុះឡើងសង្គ្រាមឈានពានរបស់ប្រទេសថៃ មកលើកម្ពុជា បងប្អូនជនភៀសសឹក ដែលមកស្នាក់នៅតាមមណ្ឌលក្នុង ភូមិសាស្ត្រខេត្តសៀមរាប ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋបាលខេត្តសៀមរាប និង បងប្អូនសប្បុរសជន ជាតិ និង អន្តរជាតិ បានធ្វើការផ្គត់ផ្គង់ជូវភាព និង ថែទាំសុខភាពជូនបងប្អូន សំខាន់បងប្អូនគ្រួសារកងទ័ព និង អ្នក មានផ្ទៃពោះ និង ទើបសម្រាលកូនតូច និង ជនពិការជាដើម ។
លោក ជា កុកម៉េង តំណាងមូលនិធិ បានលើកឡើងថាអំណោយដែលបានប្រគល់ជូននៅពេលនេះ គឺជាអំណោយរបស់បងប្អូនសប្បុរសជនខ្មែរទូទាំងប្រទេសដែលបានផ្ដល់ជូនតាមរយៈមូលនិធិ Eatame, Eat More, PPCC & Heng Visal ហើយពួកយើង គឺជាអ្នកស្ម័គ្រចិត្តទាំងកម្លាំងកាយចិត្ត ជួយដល់បងប្អូនក្នុងគ្រាលំបាក ។
លោកក៏បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលនិងអាជ្ញាធរថ្នាក់ខេត្ត និងមូលដ្ឋានដែលបានយកចិត្តទុកដាក់ថែទាំដល់បងប្អូនជាជនភៀសសឹកដែលស្នាក់នៅក្នុងខេត្តសៀមរាប ៕





































