បងប្អូនស្រ្តីមានផ្ទៃពោះ ស្រ្តីក្រោយសម្រាល ពី ០-៦ខែ នៅតាមមណ្ឌលសុវត្ថិភាពចំនួន ២កន្លែងទទួលអំណោយកាកបាទក្រហមកម្ពុជា

0

សៀមរាប:កាលពីចុងសប្តាហ៍ទៅនេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តសៀមរាប សហការជាមួយ កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាព និងប្រតិភូអមដំណើរ លោកស្រី Caroline Mwanaki ប្រធានប្រតិភូតំណាងអង្គការ UNFPA ប្រចាំកម្ពុជា, មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងយកកញ្ចប់ឃីត ចំនួន២០០ឃីត ជូនស្រ្តីមានផ្ទៃពោះ ស្រ្តីក្រោយសម្រាល ពី ០-៦ខែ នៅតាមមណ្ឌលសុវត្ថិភាពចំនួន ២ទីតាំង រួមមាន ទីតាំងសុវត្ថិភាពវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប និងទីតាំងសុវត្ថិភាពវត្តពោធិ៍ក្រឡាញ់ ក្នុងស្រុកក្រឡាញ់។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករឭកដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយស្របតាមទិសស្លោកថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ មិនតែប៉ុណ្ណោះ លោកវេជ្ជបណ្ឌិត បានក្រើនរំឭកបងប្អូនប្រជាពលរដ្ឋ សូមថែរក្សាសុខភាព អនាម័យ ដោយប្រកាន់ភ្ជាប់នូវ ”ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត” ជាពិសេសស្រ្តីដែលមាផ្ទៃពោះ និងស្រ្តីទើបសម្រាលកូន។ ក្នុងនាមតំណាងសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកបានសូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន និង មន្ត្រីសាខាកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត និងក្រុមការងារពេទ្យដែលប្រចាំការនៅក្នុងមណ្ឌលសុវត្ថិភាពដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនបងប្អូនជនភៀសសឹក នៅគ្រប់ទីកន្លែង។
សម្ភារៈដែលបងប្អូនទទួលបាន ម្នាក់ៗមួយឃីត រួមមាន៖ សាប៊ូដុះខ្លួន ២ដុំ, សាប៊ូបោកសំលៀកបំពាក់ ១កញ្ចប់, សំឡីអនាម័យ ៤ដុំ, សារុង ២, និង ក្រមា ២ ៕