ដោយអ៊ុក ផ្លុង
សៀមរាប÷ កាលថ្ងៃអាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយមានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋថាមាន អេស្កាវ៉ាទ័រ ចំនួន១ គ្រឿង កំពុងធ្វើសកម្មភាពជីកកកាយក អាចម៍ដី គម្របព្រៃឈឺសហគមន៍ដំណាក់ខ្នាចត្រាច នៃ ដែនជម្រកសត្វព្រៃ បឹងពែរ ស្ថិតក្នុង ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ភ្លាមៗ នោះ អ្នកសារព័ត៌មានក៏បានទៅដល់ទីតាំងតាម

សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ហើយបានថតផ្ដិតយករូបភាព សកម្មភាព គ្រឿងចក្រ និងសុំមេការថតឯកសារពាក់ព័ន្ធផ្សេងៗ ដើម្បីធ្វើការ សាកសួរទៅមន្ទីរ និង ការិយាល័យពាក់ព័ន្ធផ្សេងៗ ឲ្យធ្វើការបកស្រាយជូន មហាជន ថា! តើ ហេតុអ្វីក៏មាន គ្រឿងចក្រ និងឡាន ជាច្រើន គ្រឿងហ៊ានធ្វើសកម្មភាពជីក និង ដឹកជញ្ជូនយក អាចម៍ដី ក្នុងព្រៃសហគមន៍នៃដែនជម្រកសត្វព្រៃ បឹង ពែរ ដែលត្រូវបានចេញ ព្រះរាជ ក្រឹត្យ ដោយ ព្រះមហាក្សត្រ ដើម្បីការពារ និងអភិរក្សជម្រក សត្វព្រៃ ដូច្នេះ? មិនយូរ ប៉ុន្មាន នៅវេលាម៉ោង ១៦,២០នាទី ល្ងាច ថ្ងៃខែ ឆ្នាំ ដដែលមាន បុគ្គលម្នាក់សង្ស័យតែជាចាងហ្វាងសារព័ត៌មានផងក៏ មិនដឹងបាននិយាយតាម ទូរស័ព្ទគម្រាមប្ដឹងអ្នកសារព័ត៌មាន ទៅស្នងការ បើស្នងការគ្មាន ចំណាត់ការទេ លោកនឹងប្ដឹងទៅតុលាកា រករណី អ្នកសារព័ត៌មានថតច្បាប់អនុញ្ញាតជីកយក អាចម៍ដីក្នុងដែនជម្រកសត្វព្រៃ បឹង ពែរ ។
មិនតែប៉ុណ្ណោះលោកអះអាងថាដាច់ខែ១២ ឆ្នាំ ២០២៥នេះ រាជរដ្ឋាភិបាលនឹងកាត់ឆ្វៀលដីដែលវាលស្រាប់ចំនួន១០០០ហិចតាជូនប្រជាពលរដ្ឋទៀតផង។ទោះបីយ៉ាងណា ក៏ដោយ មហាជន ថា ការគម្រាម អ្នកសារព័ត៌មានបែបនេះ ទំនងច្បាប់អនុញ្ញាតនេះមិន គ្រប់ជ្រុងជ្រោយ ទេមើលទៅ។ ទាក់ទងនឹងឯកសារច្បាប់ស្នើសុំ និងអនុញ្ញាតឃើញ÷ លិខិតសង្កេតសុវិធាន និងអសុវកធាន
១/ លោក ជី ថាំង បច្ចុប្បន្នរស់នៅភូមិគំរូ ឃុំពង្រលើ ជា អ្នកស្នើសុំជិកយកអាចម៍ដី ដែល មានផ្ទៃ ដី ៥០ម × ៥០ម = ៧៥០០ម៉ែត្រការេ ជម្រៅ ៣ ម ~ ដោយអះអាងថាដីគ្មានពាក់ព័ន្ធ ដីព្រៃសហគមន៍, ដីគម្របព្រៃ និងដែនជម្រកសត្វព្រៃ
២/លោក ហ៊ាង សុភា មេភូមិគំរូ ចុះហត្ថលេខា
៣/លោក ខៀវ ប៊ុន ឈឿន មេឃុំពង្រលើជាអ្នកបោះត្រា
សេចក្តីសម្រេចស្តីពី~ លក្ខខណ្ឌអាជ្ញាប័ណ្ណសិប្បកម្មធនធានធម្មជាតិរ៉ែជីករណ្តៅដី អាជីវកម្មរណ្តៅដីចល័ត,បោះត្រាដោយ អភិបាលស្រុកជីក្រែង លោក បូ ម៉េងទ្រី ។ ចំណែកក្រសួងឬមន្ទីរពាក់ព័ន្ធផ្សេងទៀត ដូចជា មិនឃើញ ក្នុងឯកសារច្បាប់ដែលមេការអនុញ្ញាតឱ្យអ្នកសារព័ត៌មានពិនិត្យមើល និងថតនោះឡើយ។ ពាក់ព័ន្ធករណី ខាងលើ នេះ មេឃុំ ពង្រលើ លោក ខៀវ ប៊ុនឈឿន លោកថា មុននឹង លោកបោះត្រាអនុញ្ញាត លោកបានឲ្យក្រុមព្រឹក្សាឃុំ និងមន្ត្រីជំនាញបរិស្ថានទៅពិនិត្យហើយ គឺលោក លឹង ជួប។ ប្រធានមន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃបឹងពែរ ស្នាក់ការ អូរកំបោរ លោក លឹង ជួប អ្នកសារព័ត៌មានទូរស័ព្ទ ជាច្រើន ដង ប៉ុន្តែទូរស័ព្ទជាប់រវល់ រហូត សង្ស័យ លោកប្លុកលេខទូរស័ព្ទ អ្នកសារព័ត៌មាន ហើយមើលទៅ។ អភិបាលស្រុក ជីក្រែង លោក បូ ម៉េងទ្រី បានប្រាប់ អ្នកសារព័ត៌មាន ថា ចាំពិនិត្យមើល ឯកសារសិន អ្នកសារព័ត៌មានរង់ចាំរាប់ម៉ោង គ្មានការឆ្លើយតប។ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប លោក ស៊ុន គង់ ថាចាំឲ្យកូនចៅ ចុះទៅពិនិត្យមើលជាក់ស្ដែង។ នាយរង ការិយាល័យបរិស្ថាន ខេត្តសៀមរាប លោក ទី ប៊ុនចម បានបកស្រាយប្រាប់បអ្នកសារព័ត៌មានតាមទូរស័ព្ទថា ដីដែលអេស្កាវ៉ាទ័រ បានជីកកកាយ យក អាចម៍ដី ពិតជា ដីព្រៃសហគមន៍ ដំណាក់ ខ្នាច ត្រាចដែលស្ថិតក្នុង ដែនជម្រកសត្វព្រៃ បឹងពែរពិតប្រាកដមែន រីឯច្បាប់វិញក៏មិនគ្រប់ជ្រុងជ្រោយ ដែរ ដោយមាន តែការអនុញ្ញាតពី អភិបាលស្រុកជីក្រែងតែប៉ុណ្ណោះ។ លោកបន្តថា គ្រឿងចក្រ ឲ្យផ្កាកសិន មិនបាន ធ្វើការពិន័យអ្វីទេ រងចាំច្បាស់អនុញ្ញាតពីក្រសួង មន្ទីរពាក់ព័ន្ធសិនចាំឲ្យបន្តអាជីវកម្មទៀត។ ជាចុងក្រោយប្រជាពលរដ្ឋ សំណូមពរ ដល់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និង ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប មេត្តាមាន ចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គល និងបក្សពួកជន បំពានច្បាប់ ស្តីពីធនធានធម្មជាតិ។ ពួកគាត់ព្រមាន ថាបើ គ្មានចំណាត់ការតាមផ្លូវច្បាប់ទេធនធានធម្មជាតិនឹងរលាយគ្មានសល់ ម្យ៉ាងពួកគាត់ថារឿង អ្នកជិតខាង គម្រាមប្ដឹង អ្នកសារព័ត៌មាន ទៅ តុលាការ ក្នុងករណីនេះ គ្មានអ្វី ខុសពីចោរ ប្ដឹងម្ចាស់ទ្រព្យ នោះឡើយ ព្រោះដីក្នុងដែនជម្រកសត្វព្រៃ បឹង ពែរ គឺជាដីរដ្ឋ ក៏ដូចជាដីរបស់ ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជាផងដែរ៕









































