ខេត្តក្រចេះ៖ មនុស្សមួយក្រុមបានអះអាងថា ជាតំណាងរបស់ក្រុមហ៊ុនមួយ បានចូលមកធ្វើសកម្មភាព និងប៉ុនប៉ងរុះរើលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលបានសាងសង់ និងរស់នៅមិនតិចជាង ១០ឆ្នាំនោះ នៅអមនឹងដងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ នៅចំណុចអូរអង្កាច់ ស្ថិតក្នុងភូមិស្រែឈូក ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដោយក្រុមមនុស្សទាំងនោះ មិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់ក្រុមហ៊ុន បើទោះបីក្រុមអ្នកសារព័ត៌មានបានចោទជាសំនួរក៏ដោយនោះ។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលរងការគម្រាមរុះរើលំនៅឋាន លោកស្រី លឹម មួយសែ ស្ថិតក្នុងវ័យ៥៣ឆ្នាំ បានរៀបរាប់ឲ្យអ្នកសារព័ត៌មានដឹងថា គ្រួសារលោកស្រី បានមករស់នៅ និងអាស្រ័យផល លើដីជាប់ដងផ្លូវនេះមិនតិចជាង ១០ឆ្នាំនោះទេ លោកស្រី មិនធ្លាប់មានបាតុភាពកើតឡើងដូចពេលនេះនោះទេ។ លោកស្រី អះអាងថា ទើបតែនៅចុងឆ្នាំ២០២៥ នេះ ស្រាប់តែមានមនុស្សមួយក្រុម ចូលមកអះអាងថា ពួកគេជាតំណាងក្រុមហ៊ុន បានចុះមកក្នុងគោលបំណងរុះរើលំនៅឋានរបស់លោកស្រី ដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែង។
ក្រុមមនុស្សទាំងនោះ ត្រូវគេកត់សម្គាល់ និងសន្និដ្ឋានថា គឺមិនមែនជាអាជ្ញាធរមានសមត្ថកិច្ចស្របច្បាប់នោះទេ ដែលក្រុមមនុស្សទាំងនោះបានដើរចូលទៅក្នុងលំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ ក្នុងដៃមានកាន់វត្ថុរឹង ក្នុងគោលបំណងប៉ុនប៉ងរុះរើលំនៅឋានពលរដ្ឋ ។
ស្របពេលជាមួយគ្នានោះ អ្នកសារព័ត៌មានមួយក្រុមក៏ស្ថិតនៅទីនោះដែរ និងបានព្យាយាមចោទជាសំនួរដល់ក្រុមមនុស្ស ដែលអះអាងថា ជាតំណាងក្រុមហ៊ុន ដោយចង់ដឹងថា តើក្រុមហ៊ុនដែលប៉ុនប៉ងរុះរើផ្ទះសម្បែងប្រជាពលរដ្ឋនាពេលនោះ ជាក្រុមហ៊ុនមានយីហោអ្វី និងមានទីតាំងនៅកន្លែងណា? តែបុគ្គលមួយក្រុមនោះ បានបដិសេធមិនឆ្លើយសំនួរ និងបានទូរស័ព្ទខ្វាត់ខ្វែង ហើយនាំគ្នាឡើងជិះរថយន្តចាកចេញទៅបាត់។
ពាក់ព័ន្ធករណីខាងលើនោះ លោក អ៊ូ គឹមអ៊ែរ មេឃុំរលួសមានជ័យ នៃស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៩ធ្នូ២០២៥ ថា លោកមេឃុំមិនបានទទួលដំណឹងណាមួយ ពីតំណាងក្រុមហ៊ុន ស្ដីពីការរុះរើផ្ទះប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានការចុះរុះរើផ្ទះពួកគេពិតប្រាកដមែន។ លោកមេឃុំបានបញ្ជាក់ថា ក្រុមហ៊ុនដែលគេបានឮឈ្មោះនោះ គឺមានយីហោ អេស៊ាវើល អេហ្រី្គខលឈ័ររ័ល ឌីវេឡុបមិន (ខេម បូឌារ) លីមីធីត។
ដោយឡែក មេភូមិស្រែឈូក លោក ស៊ី ហៀង បានបញ្ជាក់ថា ការចុះរុះរើផ្ទះពលរដ្ឋនោះ គឺមិនមានការជូនដំណឹងដល់អាជ្ញាធរភូមិឡើយ រីឯផ្ទះដែលត្រូវបានព្យាយាមរុះរើនោះ គឺជារបស់មន្ត្រីនគរបាលម្នាក់ ដែលបានរស់នៅជាង ១០ឆ្នាំមកហើយ ដែលការរស់នៅនោះ បានផ្ដល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋច្រើនណាស់ ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសត្វគោក្របីរបស់ពលរដ្ឋ មិនដែលបាត់បង់ទាល់តែសោះ៕ដោយ៖ឡុង សំបូរ





































