យោធាភូមិភាគ៥ ឈរជើងនៅខេត្តសៀមរាប បង្ក្រាបរថយន្តធុនធំមួយគ្រឿង ដឹកលៀស ២០តោន គ្រោងលួចនាំចេញទៅប្រទេសវៀតណាម

0

ខេត្តសៀមរាប៖ មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោសេង ធារិន ដែលឈរជើងនៅសៀមរាប បានបញ្ជាកម្លាំងក្រោមឱវាទចេញប្រតិបត្តិការបង្ក្រាបរថយន្តធុនយក្ស១គ្រឿង ដឹកជញ្ជូនលៀស ២០តោន ខណៈច្បាប់អនុញ្ញាតត្រឹមតែ ៣តោនប៉ុណ្ណោះ ចេញពីខេត្តសៀមរាប ឆ្ពោះទៅរាជធានីភ្នំពេញ និងបន្តចេញទៅប្រទេសវៀតណាម ។ ការបង្ក្រាបនោះ បានធ្វើឡើងនៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ពីការដឹកលៀសល្មើសច្បាប់អនុញ្ញាត ។

យោងតាមលិខិតដឹកជញ្ជូនចេញដោយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប កាលពីថ្ងៃទី២ធ្នូ២០២៥ អនុញ្ញាតឲ្យឈ្មោះ អេង សាយ រស់នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដឹកជញ្ជូនលៀសទម្ងន់ ៣តោន ក្នុងតម្លៃ ៩០ម៉ឺនរៀល ចេញពីភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ឆ្ពោះទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ធំ កំពង់ចាម និងខេត្តកណ្តាល។

ប្រភពពីមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្ត១ គ្រឿងនេះ ឱ្យដឹងថា លិខិតអនុញ្ញាតរបស់ជលផលឱ្យឈ្មួញដឹកលៀសក្នុងទម្ងន់ត្រឹមតែ ៣តោនទេ ប៉ុន្តែនៅពេលបង្ក្រាបជាក់ស្ដែងរកឃើញថា ឈ្មួញហ៊ានលួចដឹករហូតដល់ទៅ ២០តោន។

ក្រោយការឃាត់បានរថយន្តជាមួយលៀសប្រមាណ២០ តោន ក្នុងគ្រាដែលអ្នកបើកបររថយន្ត បានបើកទ្វាររត់គេចខ្លួន កម្លាំងយោធាបានបន្តនីតិវិធី ប្រគល់ជូនរដ្ឋបាលជលផល ដើម្បីចាត់ការបន្តទៀត។

មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោសេង ធារិន បានប្រាប់អ្នកសារព័ត៌មានថា ទោះបីកងទ័ពជាប់ដៃការពារបូរណៈភាពទឹកដី ប្រឆាំងការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តី តែដៃម្ខាងការពារទឹកដី និងដៃម្ខាងបន្តការពារធនធានធម្មជាតិ លើផ្ទៃបឹងទន្លេសាប ដោយបន្តបង្រ្កាបបទលើ្មសផ្សេងៗ ដូចជា ឆក់ក្តៅ ឆក់ត្រជាក់ ដាក់របាំងស្បៃ លបបណរ៉ាវ ក្នុងតំបន់ព្រៃលិចទឹក និងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផល ផ្សេងៗទៀតជារៀងរាល់ថ្ងៃ ដោយមិនលើកលែង និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីធានាបាននូវការការពារធនធានធម្មជាតិ ជីវចម្រុះ លើផ្ទៃបឹងទន្លេសាប ដែលជាប្រភពធនធានមច្ឆាជាតិ ក្នុងការរួមចំណែកជួយផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋខ្មែរមួយចំណែក និងមួយចំណែកទៀត ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ៕ ដោយ៖ឡុង សំបូរ