សមត្ថកិច្ចកម្ពុជាចាប់ខ្លួន Chen Zhi និងជនសង្ស័យ២ទៀតបញ្ជូនទៅប្រទេសចិនក្រោមបទចោទប្រកាន់លើករណីឆបោកតាមអនឡាញទ្រង់ទ្រាយធំ

0

ឧកញ៉ា ជិន ស៊ី និងអ្នកពាក់ព័ន្ឋពីរនាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនទៅប្រទេសចិន ក្រោម​បទចោទប្រកាន់លើករណីឆបោកតាមអនឡាញទ្រង់ទ្រាយធំ របស់តុលាការសហរដ្ឋអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកាលពីយប់ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់​ពី​ការ​ចាប់​ខ្លួន Chen Zhi និងឈ្មោះ Xu Ji Liang ជាមួយនឹងឈ្មោះ Shao Ji Hui ផងដែរ។ ដោយជនជាប់ចោទទាំង៣នាក់ត្រូវចាប់បញ្ជូនខ្លួនទៅសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងសំណុំរឿងនេះ តុលាការអាមេរិកបានធ្វើការចោទប្រកាន់បុគ្គល​ទាំង​៣ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាមអនឡាញ ទ្រង់ទ្រាយ​ធំ ដែលតុលាការ​អាមេរិក​បាន​ចោទប្រកាន់។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​យប់​ថ្ងៃទី៧ ខែមករា នេះ ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរ មានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋ ចិនចំនួន៣នាក់ រួមមាន ឈ្មោះ Chen Zhi ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅ សាធារណរដ្ឋប្រជាមានិតចិន។

ក្រសួង​បញ្ជាក់​ថា៖ «ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ»។

ក្រសួង​បន្ត​ថា៖ «ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនថា ឈ្មោះ Chen Zhi ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥»៕