លោក សួគ៌ ប៊ុនធង បានលើកឡើងថាផ្លូវលំថ្មីៗនៅក្នុងមូលដ្ឋាន គឺជាសរសៃឈាមក្នុងការអភិវឌ្ឍជនបទកាន់តែប្រសើរឡើង

0

(កំពង់ធំ)÷ លោក សួគ៌ ប៊ុនធង បានលើកឡើងថាផ្លូវលំថ្មីៗនៅក្នុងមូលដ្ឋានគឺជាសរសៃឈាមក្នុងការអភិវឌ្ឍជនបទកាន់តែប្រសើឡើង លោកអភិបាលរងស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសក្នុងការដេញថ្លៃថវិកាមូលនិធិឃុំសំព្រោជ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ នៅសាលាឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបានសង្កត់ធ្ងន់ថា ផ្លូវលំដែលបានកសាងក្រោមថវិកាមូលនិធិឃុំគឺជាសសៃឈាម និងជាការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍមូលដ្ឋាន និងសុខុមាលភាពពលរដ្ឋជាពិសេសបានសម្រួលសព្វសារពើក្នុងការធ្វើដំណើរទាំងសិស្សានុសិស្សទៅសាលារៀន កសិករដឹកកសិផលទៅកាន់ទីផ្សារ ក៏ដូចជាអ្នកជំងឺទៅកាន់មន្ទីពេទ្យបានឆាប់រហ័ស និងងាយស្រួលជាងមុនថែមទៀត។ ជាមួយគ្នានេះគឺត្រូវបង្កើនការផ្ដល់សេវាជូនពលរដ្ឋក្នុងមូលដ្ឋានឱ្យបានកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សជាងមុនថែមទៀត ជាពិសេសសុខទុក្ខសុខកុមារភាពជនភៀសសឹកនិងគ្រួសារវីរៈកងទ័ពដែលបានមកដល់មូលដ្ឋានខ្លួន លើសពីនេះទៀត អាជ្ញាធរឃុំត្រូវធ្វើផ្លូវឱ្យបានធំទូលាយមានចំណីផ្លូវត្រឹមត្រូវតាមប្លង់សុរិយោដីបានកំណត់ ដើម្បីធានានានូវផ្លូវដែលធ្វើដំណើរបានឆាប់រហ័ស និងមានគុណភាព។

លើសពីនេះទៀត លោកបានណែនាំបន្ថែម ដល់អាជ្ញាធរឃុំ ត្រូវប្រើគ្រប់រូបភាពកម្លាំងចម្រុះនិងមធ្យោបាយសរុប ក្នុងការទប់ស្កាត់អំពើអាណាធិបតេយ្យនៃសត្វពាហនៈ ដែលតែងតែបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានខ្លួ នៅលើផ្លូវជាតិលេខ៦ ឱ្យខាងតែបាន ដើម្បីរក្សានូវសុវត្ថិភាពចរាចរណ៍ជូនសាធារណជន តាមការណែនាំនិងចង្អុលបង្ហាញរបស់លោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុកស្ទោង។

ជាចុងបញ្ចប់លោក សួគ៌ ប៊ុនធង បានណែនាំដល់អ្នកដែលបាន ឈ្នះពីការដេញថ្លៃ ត្រូវការកសាងផ្លូវនេះប្រកបដោយបទដ្ឋានបច្ចេកទេសសំណង់ កិច្ចសន្យា ដើម្បីធានានូវគុណភាពប្រើប្រាស់ យូរអង្វែងនិងកេរ្តិ៍ឈ្មោះល្អរបស់ក្រុមហ៊ុនផងដែរ។

សូមបញ្ជាក់ថា គម្រោងមូលនិធិឃុំដែលដាក់ឱ្យដេញថ្លៃនៅក្នុងឱកាសនេះគឺការកសាងផ្លូវក្រួសក្រហមប្រវែង២,៧គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ក្រួសក្រហម ០,១៥ម៉ែត្រ ចាក់ដីសកម្រាស់០,៧៥ម៉ែត្រ លូទោលអង្កត់ផ្ចិត៨០០មីលីម៉ែត្រប្រវែង៧ម៉ែត្រ១កន្លែង និងស្លាកគម្រោង១ ជាមួយថវិកាប៉ាន់ស្មានសរុប២៥៧ ,១៣៣ ,៦៤០រៀលផងដែរ៕