សៀមរាបៈ នៅរសៀលថ្ងៃទី ០៧ ខែ មករា ឆ្នាំ២០២៦នេះ ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បាននិមន្តដឹកនាំពុទ្ធបរិស័ទ ចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ មួយចំនួន អាវរងារ, ភេសជ្ជៈ និង បច្ច័យមួយចំនួន ផ្តល់ជូនដល់បងប្អូនវីរៈកងទ័ពឈរជើងនៅជួរមុខ ស្រុកអន្លង់វែង ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។
ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានព្រះថេរដីកា ថា ថ្ងៃនេះជាថ្ងៃដែលប្រទេសកម្ពុជា បានរំដោះរួចផុតពីក្រញ៉ាំបាតដៃប្រឡាក់ឈាម របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាខួបថ្ងៃជ័យជន្នះ៧មករា លើកទី៤៧ របស់ប្រជាជនកម្ពុជា ហើយក៏ជាថ្ងៃឆ្ពោះទៅរកសុខសន្តិភាព និង ការអភិវឌ្ឍន៍ប្រទេសទៀតផង ។ ព្រះគ្រូចៅអធិការ ក៏បានធ្វើការអរគុណដល់បងប្អូនវីរៈកងទ័ពជួរមុខដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិ ។
ព្រះអង្គបានមានព្រះទ័យស្រណោះបងប្អូនវីរៈកងទ័ពដែលត្រូវប្រឈមនឹងការលំបាកសព្វបែបយ៉ាង និង ឆ្ងាយពីកូន ប្រពន្ធ គ្រួសារសាច់ញាតិ និង ឪពុកម្តាយ ហាលភ្លៀងហាលខ្យល់ ដេីម្បីទឹកដីខ្មែរ និង ប្រជារាស្រ្តខ្មែរបានសុខសាន្ត ។ ព្រះអង្គមានថេរដីកាបន្តថា ការការពារខ្លួន និងការពារទ្រព្យសម្បត្តិ ទឹកដី ព្រមទាំងអាយុជីវិត គឺយេីងត្រូវតែការពារក្នុងករណីមានគេមកបំពាន់ ឬមកឆក់ប្លន់ ។
ព្រះអង្គបន្ថែមទៀតថា ការការពារទឹកដីនេះ ជាការបំពេញកតញ្ញូដ៏ប្រសេីរណាស់ ហេីយផលនៃកតញ្ញូនេះនឹងនាំឲ្យកងកម្លាំងប្រកបតែនឹងសុខចម្រេីនជានិច្ច។ ព្រះអង្គបានបួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងអស់នៅលើលោក សូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យទទួលបានជោគ ជ័យលើសត្រូវដែលឈ្លានពាន យកទឹកដីរបស់យើង និងដើម្បីថែរក្សាការពារសុខសន្តិភាព ។
ក្នុងនោះដែរតំណាងវីរៈកងទ័ព ក៏បានធ្វើការថ្លែងអំណរគុណ ដល់ព្រះគ្រូចៅអធិការ និង លោកស្រីចៅសង្កាត់ គោកចក ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស រួមទាំងថវិកា ក្នុងការទ្រទ្រង់ដល់កងកម្លាំងជួរមុខ ដែលបានកំពុងការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសុខសន្តិភាពស្ថិរភាព ជូនជាតិមាតុភូមិ ។ លោកបានបន្តថា ទោះបីមានភាពលំបាកយ៉ាងណាក៏ដោយ យុទ្ធមិត្តយើងប្រគៀកស្មាគ្នាការពារ បូរណភាពទឹកដី មិនឲ្យខ្លាំងសត្រូវឈ្លានពានបានឡើយ ៕
ម៉ី សុខារិទ្ធ



































