ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃសៅរ៍ ១៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង។

សូមជម្រាបថា កិច្ចប្រជុំនេះ មានវត្តមានចូលរួមពីឯកឧត្តម អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំម្សាក្រង សាខាបក្សភូមិទាំង ១១ភូមិ លោកគ្រូអ្នកគ្រូ នៃអនុវិទ្យាល័យម្សាក្រង និងកម្រងស្ពឺ យុវជនភូមិឃុំ ស.ស.យ.ក ឃុំ ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពម្សាក្រង និងសាខាប៉ុស្តិ៍ម្សាក្រង សរុបប្រមាណ១៥០នាក់។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង បានមានមតិស្វាគមន៍ និងបានពាំនាំនូវការសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង ជូនដល់សមាជិក សមាជិកាគណបក្សទាំងអស់ ព្រមទាំងបានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ខិតខំយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន រហូតសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស ក្នុងរយៈពលកន្លងមក។

ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍ឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល៥ឆ្នាំម្តង។ ប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជ្រើសសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥លើករួចមកហើយ គឺលើកទី១ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០២ លើកទី០២ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ លើកទី០៣ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ លើកទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និងលើកទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចំណែកលើកទី៦ ត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចកំណត់យកថ្ងៃអាទិត្យទី០៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។

ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង បានផ្តាំផ្ញើដល់ក្រុមការងារគណបក្សទាំងអស់ត្រូវបន្តចុះជាប្រចាំដល់មូលដ្ឋាន ដើម្បីក្តាប់សំណូមពរ តម្រូវការ និងបញ្ហាប្រឈមនានា ជាពិសេសបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ និងបន្តរួមគ្នាធ្វើការដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍ និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋនៅក្នុងឃុំទាំងមូលឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕