រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែវ សួនសុភី

0

សៀមរាប: នៅចុងសប្តាហ៍ថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដំណើរដោយឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់ ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត រួមអស់លោក លោកស្រីជាគណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការរងនគរបាលខេត្ត ផងដែរ ។
មានប្រសាសន៍នោះដែរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ និង សម្ភារៈដែលបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចែកជូនដល់ពលរដ្ឋភៀសសឹក ដែលប៉ះពាល់ដោយសារសង្រ្គាមថៃឈ្លានពាន និង ឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព និង កងនគរបាលជួរមុខផងដែរ ។ ក្នុងនោះមាន ទឹកសុទ្ធ ១ពាន់៣៨០កេស ,អង្ករ ១០ពាន់៧៦៥គីឡូក្រាម , ភេជ្ជះ ១៩១កេស , ពងមាន់ ១៦០កេស, សាច់ខកំប៉ុង ១៣៩កេស , កន្ទេល ១៩៥កន្ទេល , ក្រណាត់ ៨ដុំ , ភួយ ៧ពាន់៥០ភួយ , ទឹកត្រី ២៥៣យូរ , មុង ៥៩០មុង , អំបិល និងប៊ីចេង ៣៩៩កញ្ចប់ , ឃីត១៨០កញ្ចប់ ,នំ ៣៦៤កេស , ត្រីខ ៨០កេស ,សៀវភៅសរសេរ ១៨កេស ។ ដោយឡែក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកនូវឯកសណ្ឋានបំពាក់ដល់ កងកម្លាំងនគរបាលជាតិ មានអាវចរាចរណ៍ ចំនួន ៥០០អាវ ,អាវក្រោះការពារគ្រាប់ ៥០០អាវ និង ខ្សែក្រវ៉ាត់ប៉ូលីស ចំនួន១០០ខ្សែ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើមី្បយកទៅបម្រើការងារសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា , រួមនឹងឯកឧត្ដម លោកជំទាវ លោក លោកស្រី បានផ្ដល់នូវអំណោយដ៏ថ្លៃថ្លា ដែលកំពុងតម្រូវការចាំបាច់បំផុតសម្រាប់បងប្អូនភៀសសឹក និង វីរៈកងទ័ព កងនគរបាលជួរមុខ ដែលកំពុងតស៊ូប្តូរផ្តាច់ការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ រួមនិងប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីកំពុងភៀសសឹកជាច្រើនគ្រួសារ កំពុងរងទុក្ខលំបាកដោយ សារសង្គ្រាមឈ្លានពានបង្កឡើងដោយភាគីថៃ ។ ឯកឧត្តមបានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បងប្អូនភៀសសឹកដែលបានជម្លៀសពីតំបន់សមរភូមិមុខ ចំនួន ៩ពាន់២២គ្រួសារ ស្មើ ២៨ពាន់១០១នាក់ ក្នុងនោះស្នាក់នៅតាមផ្ទះបងប្អូន ចំនួន ៣ពាន់៨៩៥គ្រួសារ ស្មើ ១២ពាន់៤៩នាក់ និង នៅតាមទីតាំងសុវត្ថិភាព(មណ្ឌល និងវត្តអារ៉ាម) មានចំនួន ៥ពាន់១២៧គ្រួសារ ស្មើនឹង ១៦ពាន់៥២នាក់ នៅក្នុងទីតាំងចំនួន ៥៥ទីតាំង លេី១៣១ទីតាំង ។ បងប្អូនដែលបានកំពុងបន្តស្នាក់នៅតាមមណ្ឌលទាំង៥៥ទីតាំង ពួកគាត់បានរងគ្រោះដោយការឈ្លាន ពានរបស់ទាហានថៃ បណ្តាលឲ្យខូចខាតផ្ទះសម្បែង ហើយភូមិដ្ឋានមួយចំនួនក៏រងនូវ គ្រាប់យុទ្ធភ័ន្តមិនផ្ទះ និង តំបន់ ក្រហមជាដើម ។ ម៉្យាងទៀត ស្បៀងអាហារ សម្ភារៈដែលរដ្ឋបាលខេត្តទទួលបានពីបងប្អូនសប្បុរសជន ក្រុមការងារបានធ្វើការបែងចែកជូនទៅតាមមណ្ឌល និង ផ្តល់ជូនដល់វីរៈកងទ័ព កងនគរបាលជួរមុខដែលកំពុងប្រតិបត្តិការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ៕