ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញការដោះស្រាយបញ្ហាប្រឈមក្រោយបទឈប់បាញ់ និងការស្តារជីវភាពជនភៀសសឹកក្នុងអង្គសន្និបាតឆ្នាំ

0

​សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងសេវាសាធារណៈ និងដោះស្រាយបញ្ហាដែលនៅសេសសល់ពីជម្លោះព្រំដែន។ អង្គសន្និបាតនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។
​ក្នុងសុន្ទរកថាបើកអង្គសន្និបាត ឯកឧត្តម លី សំរិទ្ធ បានគូសបញ្ជាក់ពីចំណុចសំខាន់ៗដែលរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ក្នុងឆ្នាំ២០២៦ ដូចខាងក្រោម៖​១. ការឆ្លុះបញ្ចាំងលទ្ធផលការងារ និងសេវាសាធារណៈ
​អង្គសន្និបាតបានបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៥ លើកិច្ចការងារផ្តល់សេវាសាធារណៈ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តក្នុងខេត្តសៀមរាប។
​២. បញ្ហាប្រឈមក្រោយបទឈប់បាញ់ និងស្ថានភាពជនភៀសសឹក
​ទោះបីជាស្ថានភាពតាមបណ្តោយព្រំដែនមានសភាពធូរស្រាល ក្រោយកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានរំលឹកថា ផលវិបាកដែលបន្សល់ទុកគឺជាអាទិភាពដែលត្រូវរួមគ្នាដោះស្រាយ៖
​ការបោសសម្អាតយុទ្ធភ័ណ្ឌ៖ កងកម្លាំងស៊ីម៉ាក (CMAC) កំពុងបន្តបោសសម្អាតគ្រាប់មិនទាន់ផ្ទុះក្នុងតំបន់ផុយស្រួយ ដើម្បីធានាសុវត្ថិភាពមុនអនុញ្ញាតឱ្យពលរដ្ឋវិលត្រឡប់។
​ការជួយសង្គ្រោះជនភៀសសឹក៖ បងប្អូនដែលបាត់បង់ផ្ទះសម្បែងដោយសារការបំផ្លិចបំផ្លាញពីសត្រូវឈ្លានពាន នៅតែបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងផ្ទះសាច់ញាតិនៅឡើយ។
​៣. ស្មារតីសាមគ្គីភាព និងការបរិច្ចាគ
​ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធាន និងស្បៀងអាហារជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងគ្រួសារភៀសសឹកក្នុងភូមិសាស្ត្រខេត្ត។
​៤. ទិសដៅឆ្នាំ២០២៦ និងយុទ្ធសាស្ត្របញ្ចកោណ​ជាទីបញ្ចប់ ឯកឧត្តម លី សំរិទ្ធ បានជំរុញឱ្យសមាជិកអង្គសន្និបាតប្រមាណ ៧០០នាក់ ចូលរួមមតិពិភាក្សាឱ្យបានផុសផុល ដើម្បីប្រមូលធាតុចូលសម្រាប់ពង្រឹងការងារឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព និងតម្លាភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយ​ប៊ុន​រដ្ឋា