សៀមរាប: អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គឥដ្ឋលេខ៥ នៅកំពែងទី១ នាទិសខាងលិចប្រាង្គកណ្តាលនៃប្រាសាទបាគង ដែលមាន
សភាពទ្រុឌទ្រោមខ្លាំង ហើយតួប្រាសាទទាំងមូល ចាប់ពីខឿនរហូតទៅដល់កំពូល ត្រូវការសង្គ្រោះជាបន្ទាន់។
លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ប្រាង្គលេខ៥ត្រូវជួសជុលជា២ដំណាក់កាល។ ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា ផ្តើមជួសជុលនៅជ្រុងខាងកើត និងខាងជើង ចាប់ពីខឿន និងជណ្តើរ មានទំហំ៩០ម៉ែត្រក្រឡា។ រីឯផ្ទៃជញ្ជាំង រហូតដល់កំពូលនៃប្រាង្គឥដ្ឋនេះមានទំហំ១៦០ម៉ែត្រក្រឡា ដោយត្រូវប្រើរយៈពេល៦ខែ។
ក្រុមការងារបានរើឥដ្ឋដែលពុកផុយចេញ ហើយដាក់ឥដ្ឋថ្មីជំនួស ពង្រឹងរចនាសម្ពន្ធឥដ្ឋឡើងវិញ សម្អាតកំណកដី បិទកំបោរបាយអនៅតាមចំណុចដែលមានប្រហោង ការពារជម្រាបទឹក ចៀសវាងរុក្ខជាតិដុះ និងការពារសត្វល្អិតកុំឱ្យចូលបំផ្លាញបន្តទៀត ដើម្បីរក្សាប្រាង្គនេះឱ្យមានភាពរឹងមាំបន្តទៀត៕






































