កិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប

0

សៀមរាប: នាព្រឹកថ្ងៃទី០៤ ខែ កុម្ភះ ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ខ្លួន ក្រោមកិច្ចដឹកនាំប្រជុំដោយឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត រួមឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់ លោក លោកស្រីជានាយករងរដ្ឋបាលខេត្ត ,នាយក នាយករង ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបី និង រដ្ឋបាលក្រុង ស្រុក ផងដែរ ។
ឆ្លងតាមការអនុម័ត នៃកិច្ចដំណើរការប្រជុំសាមញ្ញលើកទី២១ ទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុកនោះ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត បានលើកឡើងនូវបញ្ហាមួយចំនួន ដោយមានធ្វើការកែសម្រួលខ្លឹមសារ អត្ថន័យ និង លទ្ធផលនៅក្នុងរបាយការណ៍ នូវចំណុចមួយចំនួន ,បញ្ហាការងារអត្រានុកូលដ្ឋាន , បញ្ហាយករ៉ែ ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ,ករណីការប្រើប្រាស់បារីអេឡិចត្រូនិច និង សុំឲ្យមានការថែទាំដើមឈើទើបនឹងដាំ នៅអមដងផ្លូវក្នុងក្រុង ព្រមទាំងបញ្ហាបទល្មើសនេសាទ និង អគ្គិសនី ជាដើម ។ ក្នុងនោះដែរក៏ត្រូវបានអាជ្ញាធរស្រុក និង អង្គភាព ពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺផងដែរ ។
មានប្រសាសន៍នោះដែរលោក ឌី រ៉ាដូ ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើរបាយការណ៍ប្រចាំខែ មករា ឆ្នាំ២០២៦ ទោះបីក្នុងនោះមានការខ្វះចន្លោះមួយចំនួន ចំពោះលទ្ធផលដែលសម្រេចបាន មិនបានដាក់បញ្ចូលទៅក្នុង របាយការណ៍ ដោយសាមីមន្ទីរ អង្គភាពមួយចំនួន មានភាពយឺតយ៉ាវក្នុងការផ្តល់របាយការណ៍ ដល់ការិយាល័យជំនាញ ។ ម៉្យាងទៀត ចំពោះបញ្ហាអគ្គិសនី ចំពោះ ៧ភូមិនោះ ដោយភូមិចំនួន៥ ស្ថិតក្នុងតំបន់ឧទ្យានជ័យវរ្ម័នភ្នំគូលែន ( ឃុំខ្នងភ្នំ) ដែលប៉ះពាល់ដល់បរិស្ថាន និង អាជ្ញាធរជាតិអប្សរា ជាអ្នកគ្រប់គ្រង និង ភូមិចំនួន២ទៀត គឺជា ភូមិបណ្តែតទឹក ( ឃុំចុងឃ្នៀស និង មាត់ខ្លា ឃុំអន្លង់សំណរ) ។ ក្នុងនោះលោកអភិបាលរងខេត្ត ជម្រុញដល់អាជ្ញាធរ សមត្ថកិច្ច រួមសហការក្នុងបង្រ្កាបឲ្យខាងតែបានពីករណីគ្រឿងញៀន និង បារីអេឡិចត្រូនិច និង បទល្មើសនេសាទ ព្រមទាំងការថែទាំដើមឈើដែលដាំរួច និង បរិស្ថានតាមដងផ្លូវទៀតផង ។
មានមតិបូកសរុមនោះឯកឧត្តម តោ គឹមស៊ាន បានឯកភាពរាល់លទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តបាន ប្រចាំខែមករា ឆ្នាំ២០២៦ ព្រមទាំងសូមឲ្យធ្វើការកែតម្រូវនូវរាល់សកម្មភាពការងារមួយចំនួន និង ពិនិត្យអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា នៅតាមក្រុមនិមួយៗ របស់ក្រុមប្រឹក្សាខេត្ត រាល់សកម្មភាពរបស់ខ្លួន ត្រូវ ធ្វើការពិនិត្យ ពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើមី្បជាគោលដៅសម្រាប់ក្នុងការអនុវត្តឆ្នាំបន្ត ។ ម៉្យាងទៀត គ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវពន្លឿនការផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ឲ្យបានទៀងទាត់មកការិយាល័យជំនាញ តាមការកំណត់ ដើមី្បធ្វើការបូកសរុបជូនគណៈអភិបាលខេត្ត ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា រាល់បញ្ហា ដែលកិច្ចប្រជុំបានលើកឡើង ដោយផ្តោតសំខាន់ ចំពោះបារីអេឡិចត្រូនិច បញ្ហាចំណីអាហារមានគីមី ដែលធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ។ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុង ដើមី្បបំបាត់នូវភាព អណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ដែលតែងតែបង្កគ្រោះថ្នាក់ និង កកស្ទះចរាចរណ៍ ក្នុងក្រុង មិនថាថ្ងៃបុណ្យ ឬមិនបុណ្យនោះឡើយ ។ ឯកឧត្តមក៏បានជម្រុញដល់រដ្ឋបាលក្រុងសៀមរាប និង ក្រុង ស្រុក ធ្វើការពិនិត្យ ថែទាំរាល់ដើមឈើដែលបានដាំនៅអមដងផ្លូវក្នុងក្រុង រួមទាំងបរិស្ថាន ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណដងផ្លូវ ក្នុងការទទួលស្វាគមន៍ដល់គណៈប្រតិភូ ភ្ញៀវជាតិ អន្តរជាតិ ចូលមកកាន់ក្រុងប្រវត្តិសាស្ត្រមួយនេះ ។ គ្រប់ក្រុង ស្រុក ត្រូវបន្តគ្រប់គ្រងបងប្អូនភៀសសឹក ដែលកំពុងបន្តស្នាក់នៅតាមមណ្ឌល ត្រូវធានាលើការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ សុខភាព ជូនបងប្អូននៅតាមមណ្ឌលសុវត្ថិភាពផងដែរ ។
ក្នុងឱកាសនោះដែរក៏មានរបៀបវារៈកិច្ចប្រជុំសម្ងាត់ ពិនិត្យ និង ពិភាក្សា អនុម័តលើការវាយតម្លៃលក្ខណសម្បត្តិ គណៈអភិបាលស្រុក ដែលចប់អាណត្តិទី២របស់ខ្លួនផងដែរ ៕