កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់សមត្ថកិច្ច ពាក់ព័ន្ធ ចាំបាច់ត្រូវតែអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ នៅក្នុងមូលដ្ឋាន ទោះពុំមានស្តែម អនឡាញ តែកុំបណ្តែតបណ្តោយ ថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ
បច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ការធ្វើរដ្ឋ បាលចល័ត រដ្ឋបាលចំហ គឺត្រូវធ្វើជាប្រចាំ ហើយត្រូវមានការគ្រប់គ្រងឱ្យមានលំដាប់លំដោយ ឱ្យមានវិន័យច្បាស់លាស់ ធ្វើយ៉ាងណាត្រូវធានាអនុវត្តឱ្យបានម៉ត់ចត់នូវបទបញ្ជារបស់សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយមិនឱ្យបទបញ្ជារបស់សម្តេចធ្លាក់ ដល់ដីទាន់ឡើយ ពោលគឺត្រូវគ្រប់គ្រង និងទប់ស្កាត់ឱ្យជាប់ចំពោះក្រុមឆ្លៀតឱកាសចល័តចូលមក ក្នុងដែនសមត្ថកិច្ចរបស់យើងផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលជាឧបករណ៍គតិយុត្តមួយសម្រាប់គាំទ្រដល់ការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅ តាមទីតាំងរស់នៅប្រមូលផ្តុំ។ អនុក្រឹត្យនេះគឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងអំពីគោលជំហរឥតងាករេលើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រលើ ការបង្ការនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រនានាដែលបានកំណត់ ជាពិសេសគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ៕






































