កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យទទួលសម្ភារ:អនាម័យ បរិស្ថានសម្រាប់ឆ្លើយតបតម្រូវការជនភៀសសឹកពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)

0

បន្ទាយមានជ័យ ៖ នាថ្ងៃទី១០គុម្ភះឆ្នាំ២០២៦នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីទទួលសម្ភារ:អនាម័យ បរិស្ថានសម្រាប់ឆ្លើយតបតម្រូវការផ្គត់ផ្គង់ចាំបាច់ដល់ជនភៀសសឹក ពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែល ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងប្រតិភូ អាយ.ស៊ី.អរ.ស៊ី. ដឹកនាំដោយលោកស្រី ឌ័រសា ណាហ្សេមី សាលមែន (Ms Dorsa Nazemi Salman, Head of Mission) ប្រធានបេសកកម្មប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីលោកវេជ្ជ. អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងកាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល រួមជាមួយ សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ជាច្រើននាក់។

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា សម្ភារអនាម័យ បរិស្ថាន ដែលគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នាពេលនេះរួមមាន៖ ក្តារក្រាល និងជើងទ្រ ចំនួន២៤០០ឈុត, សម្ភារកែលម្អប្រព័ន្ធបង្ហូរទឹកកង្វក់ចំនួន២ឈុត, ឃីតអនាម័យចំនួន ២២៥០ឈុត, សម្ភារប្រមូលកាកសំណល់រឹង ចំនួន២០ឈុត និងសម្ភារសម្អាតបង្គន់ អនាម័យចំនួន២០ឃីត ដោយសម្ភារទាំងនេះសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលភៀសសឹកចំនួន២ រួមមានមណ្ឌលសុវត្ថិភាពវត្តច័ន្ទសុីសាមគ្គីរតនារាម ក្នុងស្រុកអូរជ្រៅ និងមណ្ឌលសុវត្ថិភាពវត្តកណ្តោល ក្នុងស្រុកថ្មពួកនៃខេត្តបន្ទាយមានជ័យ។ ដោយឡែកសាខាខេត្តគោលដៅចំនួន៣ផ្សេងទៀតរួមមាន ខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ ក៏ទទួលបានសម្ភារអនាម័យ បរិស្ថាន ពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដូចសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យផងដែរ។

ឆ្លៀតក្នុងឱកាសនៃពិធីប្រគល់-ទទួលសម្ភារអនាម័យ បរិស្ថាន ខាងលើ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា មានប្រសាសន៍ស្វាគមន៍ និងរបាយការណ៍អំពីស្ថានភាពជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ ជូនដល់ប្រតិភូ អាយ.សុី.អរ.សុី.។

ទន្ទឹមនឹងនេះឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដែលបានឧបត្ថម្ភសម្ភារសម្រាប់ជួយដល់ជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ ជាមួយគ្នានេះឯឧត្តមនិងនាំយកសម្ភារទាំងនេះសម្រាប់ប្រើប្រាស់ឱ្យចំគោលដៅ ស្របតាមគោលបំណងរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា (ICRC) ចង់បាន។

ថ្លែងក្នុងឱកាសនោះ តំណាងប្រតិភូ អាយ.ស៊ី.អរ.ស៊ី. ដឹកនាំដោយលោកស្រី ឌ័រសា ណាហ្សេមី សាលមែន (Ms Dorsa Nazemi Salman, Head of Mission) ប្រធានបេសកកម្មប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថាការប្រគល់សម្ភារ អនាម័យ បរិស្ថាន ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នាឱកាសនេះធ្វើឡើងក្នុងគោលបំណង បង្ហាញពីការចូលរួម និងការគាំទ្ររបស់ អាយ.ស៊ី.អរ.ស៊ី ក្នុងសកម្មភាពឆ្លើយតបតម្រូវការចាំបាច់ផ្នែកមនុស្សធម៌ ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ ជាក់ស្តែងសម្រាប់ជួយដល់ជនភៀសសឹកដែលមិនទាន់អាចវិលទៅលំនៅដ្ឋានវិញបាន។ ជាមួយគ្នានេះ ប្រតិភូ អាយ.សុី.អរ.សុី. និងបន្តសហការជាមួយសាខា ចុះវាយតម្លៃ និងចងក្រងឯកសារដោយឯករាជ្យស្តីពីផលប៉ះពាល់ផ្នែកមនុស្សធម៌លើប្រជាជនស៊ីវិល ដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែន ស្របតាមអាណត្តិដែលមានចែងក្នុងអនុសញ្ញាក្រុងហ្សឺណែវ។ បន្ថែមលើនេះប្រតិភូនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទស្សនកិច្ចនៅតាមសហគមន៍រងគ្រោះចំនួន៣ទីតាំង ដើម្បីវាយតម្លៃអំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលបង្កឡើងពីសកម្មភាពជម្លោះប្រដាប់អាវុធ រួមមាន ការប៉ះពាល់ដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងបេតិកភណ្ឌវប្បធម៌ ស្របតាមគោលការណ៍ និងច្បាប់មនុស្សធម៌អន្តរជាតិ (IHL)៕
ដោយ៖ឃិន គន្ធា