‎គ្រឿងចក្ររបស់ លោក យុន វីតា ជីកស្តារត្រពាំងស្ដី គឺជាការស្នើសុំរបស់សហគមន៍ ដើម្បីបានទឹកប្រើប្រាស់ ការពារត្រពាំងបុរាណ និងយកអាចម៏ដីចាក់តាមគ្រឹះស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ បំរើអោយសហគមន៍តែប៉ុណ្ណោះ

0

សៀមរាប៖ បន្ទាប់ពីមានការផ្សាយរបស់បណ្ដាញសង្គមមួយចំនួនក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ មានក្រុមសមត្ថកិច្ចជំនាញចម្រុះ បានចុះទៅទីតាំង បិទអាជីវកម្មកាយអាចម៍ដីមួយកន្លែងស្ថិតនៅ ភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប៉ុន្តែក្រុមមន្រ្តី ទាំងនោះមិនបានចុះទៅពិនិត្យទីតាំងទប់ស្កាត់ អាជីវកម្មរបស់លោកវីតានោះទេ ដែលករណីនេះគេសង្ឃឹមថាសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យទប់ស្កាត់អាជីវកម្មកាយដីរបស់ លោកវីតា ជាក់ជាពុំខានឡើយ(បង់លុយអោយគឺមិនបាច់ចុះពិនិត្យទេមេ..) នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ និងទទួលបានការអនុញ្ញាតពីម្ចាស់អាជីវកម្ម លោក យ៉ុន វីតា ឱ្យក្រុមអ្នកសារព័ត៌មានយើងចូលទៅក្នុងការដ្ឋានដើម្បីធ្វើការពិនិត្យជាក់ស្ដែង និងមានការបង្ហាញនូវឯកសារពាក់ព័ន្ធមួយចំនួនផងដែរ។

‎ជាក់ស្ដែង យើងបានសង្កេតឃើញថា ទីតាំងត្រពាំងបូរាណ ហៅថា”ស្ដី” ខាងលើ មិនមានសកម្មភាព ជីកកាយនិងដឹកយកអាចម៍ដី ទៀតនោះទេ ដោយលោកយ៉ុន វីតា ម្ចាស់អាជីវកម្មគ្រឿងចក្រ បានឲ្យដឹងនៅពេលនោះផងដែរថា ការជីកស្ដារបាទត្រពាំងនេះនឹងត្រូវបានបញ្ចប់ឆាប់ៗនេះ បន្ទាប់ពីក្រុមការងារធ្វើការសំអាតមាត់ត្រពាំង បាត និងជើងទេររបស់ត្រពាំងរួចរាល់។

‎លោក យ៉ុន វីតា បន្តថា កាជីកស្ដារត្រពាំងស្ដីនេះធ្វើឡើង បន្ទាប់ពីមានការស្នើសុំ របស់ប្រជាសហគមន៍ ឱ្យមានការជីកស្ដារត្រពាំងនេះឡើង ដើម្បីការពារត្រពាំងបុរាណកុំឲ្យមានការបាត់បង់ក្រែងលមានជួនខិលខូចរំលោភលួចយកដីត្រពាំងនេះជាកម្មសិទ្ធិនៅថ្ងៃណាមួយជាយថាហេតុ, ដើម្បីស្តុបទឹកទុកសម្រាប់ប្រជាសហគមន៍ក្នុងរដូវទឹកសម្រក និងនាំយកនូវអាចម៍ដីទាំងនេះ ទៅចាក់បំពេញ ជួសជុលផ្លូវ ទីធ្លាសាលាឆទាន ទីធ្លាសាលារៀន ទីធ្លាសាលាឃុំ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសហគមន៍តែម្ដង។

‎លោក យ៉ិន វីតា បានបញ្ជាក់ថា អាជីវកម្មរបស់លោកបានទទួលលិខិតអនុញ្ញាតពីសាលាស្រុកប្រាសាទបាគង ក្នុងការធ្វើអាជីវកម្មចល័តត្រឹមត្រូវ ហើយចំពោះរឿងសួយសារលោកបានចាត់ចែងត្រឹមត្រូវទៅតាមបញ្ជីរបស់រដ្ឋ ប៉ុន្តែមួយរយៈចុងក្រោយដោយសារលោកមិនបានចុះផ្ទាល់ក្នុងការដ្ឋាននេះ ក្រុមការងាររបស់លោកបានធ្វើការជីកក្នុងជម្រៅលើសពី ៦ ម៉ែត្រ ដូចដែលបានស្នើសុំដោយសហគមន៍ ក្នុងទំហំដ៏តូចប៉ុណ្ណោះ ហើយក៏បានបញ្ឈប់វិញ ដោយសមាគមក៏បានធ្វើការសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធមេត្តាអនុគ្រោះរួចហើយផងដែរនៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។

‎ជុំវិញករណីនេះ នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ
‎២០២៦ អង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនងទៅកាន់ លោក ឈឿង ជូ មេឃុំត្រពាំងធំ ដោយលោកបានបញ្ជាក់ប្រហាក់ប្រហែលទៅនឹងលោកយ៉ុន វីតា ផងដែរ ថាការជីកស្ដារត្រពាំងស្ដីនេះ ក្នុងគោលបំណងបម្រើប្រយោជន៍រួមដល់សហគមន៍ ទាំងមានទឹកសម្រាប់ប្រើប្រាស់ ការពារត្រពាំងបូរាណរបស់រដ្ឋមិនឱ្យបាត់បង់ និងបានយកនូវអាចម៏ដីទៅជួសជុលហេដ្ឋារចនាសម្ព័ន្ធបានជាច្រើនកន្លែងផងដែរ។
‎ជាក់ស្ដែង‎នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះផងដែរ អង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនង ទៅកាន់ លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ដោយលោកបានឲ្យដឹងថា ការជីកស្ដារត្រពាំងនេះ ខាងម្ចាស់គ្រឿងចក្រទទួលបានលិខិតអនុញ្ញាតពីរដ្ឋបាលស្រុកត្រឹមត្រូវ ហើយគោលបំណងគឺដើម្បីប្រជាសហគមន៍មានទឹកប្រើប្រាស់គ្រប់គ្រាន់។ ដោយសារកន្លងទៅនៅរដូវប្រាំងតំបន់នេះមានការរីងស្ងួតខ្លាំង បើទោះបីជាជីកអណ្ដូងក្នុងជម្រៅប្រហែល ៤០ ម៉ែត្រ ក៏ពិបាកនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងជាពិសេសអាចការពារត្រពាំងបូរាណរបស់រដ្ឋគោករាក់នេះបានគង់វង្ស៕