សៀមរាប: អាជ្ញាធរខេត្តសៀមរាប បានជម្រុញឲ្យអ្នកពាក់ព័ន្ធពង្រឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងតម្លៃសេវាផ្សេងៗ ក្នុងឱកាសបុណ្យខ្លែងឯក ខ្លែងសេរី លើកទី២ នៅខេត្តសៀមរាប ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការរៀបចំព្រឹត្តិការណ៍ខាងលើនេះ នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត បានបង្ហាញថា ព្រឹត្តិការណ៍ឆ្នាំនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការដាស់ស្មារតីយុវជនឲ្យឈ្វេងយល់ពីមរតកដូនតា ដោយយើងជម្រុញឲ្យសិស្សានុសិស្ស និងយុវជនមកទស្សនាឲ្យបានច្រើន ដើម្បីបណ្ដុះស្មារតីស្រឡាញ់ និងរួមគ្នាថែរក្សាសិល្បៈនៃការធ្វើខ្លែងខ្មែរកុំឲ្យបាត់បង់។ លោក លី សារី បានបន្តថា ក្រៅពីការបង្ហោះខ្លែងក៏មានការចូលរួមពីចលនា”ភូមិ១ផលិតផល១”និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់ ។ បុណ្យខ្លែងឯក ជាចលករមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។ ក្នុងនោះ លោកក៏បានជម្រុញឲ្យមានការត្រួតពិនិត្យ និង បង្ការការលួចលាក់ផ្ទុកអាវុធជាតិផ្ទុះគ្រប់ប្រភេទ ដើម្បីបញ្ចៀសហានិភ័យជាយថាហេតុ ។
ជាពិសេសត្រូវមានការបិទផ្សាយតម្លៃចំណតយានយន្តឲ្យបានច្បាស់លាស់នៅច្រកចូល ដើម្បីការពារការយកតម្លៃលើសកំណត់ ដែលអាចប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ និងរៀបចំឲ្យមានសោភ័ណភាពស្អាតជានិច្ច ទាំងក្នុង និងជុំវិញតំបន់ប្រារព្ធពិធី។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឲ្យដឹងថា មកទល់ពេលនេះខ្លែងដែលចុះឈ្មោះចំនួន ៨៥ខ្លែង ក្នុងនោះខ្លែងឯក៥៦ខ្លែង ខ្លែងសេរី២៩ខ្លែង។ ជាមួយនេះចំពោះអ្នកដែលមានបំណងយកខ្លែងឯកខ្មែរ ឬខ្លែងសេរី មកចូលរួមប្រកួតបង្ហើរ សូមមេត្តាអញ្ជើញមកទទួលពាក្យ និងដាក់ពាក្យស្នើសុំចូលរួមប្រកួតពីក្រុមការងារអនុគណៈកម្មការគ្រប់គ្រង និងបច្ចេកទេសនៃការបង្ហើរខ្លែងឯកខ្មែរ ដែលមានទីតាំងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ។
សូមជម្រាបថា ពិធី “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្រៅពីកម្មវិធីបង្ហើរខ្លែង ក៏មានកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុកពិព័រណ៍បន្លែផ្លែឈើ ពិព័រណ៍ម្ហូបអាហារ ភូមិមួយផលិតផលមួយ ការសម្ដែងល្ខោនបាសាក់ ល្ខោននិយាយ ការប្រគុំតន្ត្រីបុរាណ និងសម័យនាំពេលរាត្រីជាដើម ។ ពិធីនេះ ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយ ដែលមិនត្រឹមតែបង្ហាញពីស្នាដៃឯករបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការលក់ដូរផលិតផលខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង៕






































