លោកឧត្តមសេនីយ៍ទោ ហេង សុផលជួបសំណេះសំណាលជូនដំណើរមន្ត្រីនគរបាលជាតិ ចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាលនៅសាលានគរបាលជាតិភូមិភាគ៤នៅខេត្តសៀមរាប

0

កំពង់ធំ÷ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរមន្ត្រីនគរបាលជាតិ ចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាលជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីនោះលោកឧត្តមសេនីយ៍ទោ ហេង សុផលស្នងការនគរបាលខេត្តកំពង់ធំ សូមស្វាគមន៍ចំពោះវត្តមាន ពុក ម៉ែបង ប្អូន អាណាព្យាបាល និងសូមចូលរួមអបអរសាទរ ចំពោះប្អូនៗទាំង១៣១រូប ដែលទទួលបានជ័យលាភី ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ ថ្ងៃនេះដែរលោកពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាល និងជូនដំណើរប្អូនៗ ចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី២០ លើកទី១ ចំនួន១៣១នាក់ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាឱកាសនេះ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណ ដល់អាណាព្យាបាលគ្រប់ក្រុមគ្រួសារ ដែលអនុញ្ញាតឱ្យបុត្រាបុត្រី ចូលបម្រើការងារជាកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោស្នងការ បានគូសបញ្ជាក់ថា រយៈពេលកន្លងទៅថ្មីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានប្រមូលផ្តុំកងកម្លាំងហ្វឹកហាត់ លំហាត់របៀប វិន័យកងជួរ និងមេរៀនខ្លីៗដល់ប្អូនៗទាំង១៣១រូប ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ដោយឡែកប្អូនៗ ដែលពុំទាន់បានបញ្ជូនទៅបណ្តុះបណ្តាល នៅសាលានគរបាលជាតិ ត្រូវបន្តហ្វឹកហាត់ នៅស្នងការដ្ឋាននគរបាលខេត្តបន្តទៀត ។

បន្ថែមលើប្រសាសន៍សំណេះសំណាល លោកឧត្តមសេនីយ៍ទោស្នងការ បានផ្ដាំផ្ញើដល់ប្អូនៗត្រូវគោរពវិន័យ ខិតខំប្រឹងប្រែង សិក្សារៀនសូត្រ យកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ កត់ត្រា ទទួលយកចំណេះដឹង បទពិសោធន៍ល្អៗ សម្រាប់អនុវត្តតួនាទី/ភារកិច្ច ជាប្រចាំថ្ងៃ ប្រកបដោយស្មារតី សាមគ្គីភាព តស៊ូ អំណត់ ពុះពារ ព្យាយាម  ឈានទៅសម្រេចបាន បទបញ្ជាដែលថ្នាក់ដឹកនាំប្រគល់ជូនអនុវត្តឱ្យទទួលបានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ ហេង សុផលស្នងការនគរបាលខេត្តកំពង់ធំ សង្ឃឹមជឿជាក់ថាប្អូនៗ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនៅសាលានគរបាលជាតិ ពេលវិលត្រលប់មកវិញ នាំយកចំណេះដឹង បទពិសោធន៍ ទៅបម្រើការងារតាមអង្គភាពរៀងៗខ្លួន  សម្រេចបានជោគជ័យ ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ។ សូមបញ្ជាក់ដែរថា ក្នុងនោះលោកស្នងការ
បានឧបត្ថម្ភ មធ្យោបាយសម្រាប់ធ្វើដំណើរនិងថវិកាមួយចំនួនផងដែរ៕