កំពង់ធំ÷ លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តយុវសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ត្រូវកំណត់ចក្ខុវិស័យ បេសកកម្ម សម្រួលការតាំងចិត្តខ្ពស់ ចាប់ផ្ដើមពីថ្ងៃនេះ ដើម្បីទទួលបានលទ្ធផលល្អជាប់គ្រប់ៗគ្នា និងអនាគតភ្លឺស្វាង លោកសាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញជួបសំណេះសំណាល
តម្រង់ទិស ចែករំលែកបទពិសោធន៍ល្អៗ ទាំងការសិក្សា ការងារ និងលើកទឹកចិត្តយុវសិស្សថ្នាក់ទី ១២នៃវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៦។
លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាយុវជនដ៏រឹងមាំ ជាអ្នកសិក្សាដ៏ក្លៀវក្លាត្រូវហ៊ានលំបាកតស៊ូជំនះគ្រប់ឧបសគ្គពីថ្ងៃនេះ មានភាពវាងវៃបំផុត ស្គាល់បរិបទសង្គមឱ្យបានច្បាស់លាស់ ដើម្បីទទួលបាននូវលទ្ធផលនៃការសិក្សាល្អប្រសើរ ទាំងនៅមធ្យមសិក្សា និងវិជ្ជាជីវៈ មហាវិទ្យាល័យជំនាញឯកទេស នឹងនាំឱ្យដំណើរជីវិតយើងមានភាពងាយស្រួល មានជីវភាពល្អប្រសើរជីវិតថ្លៃថ្នូរខ្ពង់ខ្ពស់នៅថ្ងៃក្រោយ។
ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានបន្ថែមទៀតថាកូនក្មួយ យុវសិស្ស ត្រូវតាំងចិត្តប្តេជ្ញាខ្ពស់ក្នុងការសិក្សារៀនសូត្រធ្វើខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ជាយុវជនល្អ ជាយុវជនគំរូដែលធ្វើតែអំពើល្អសព្វបែបយ៉ាងជាមួយមិត្ត ហើយត្រូវសេពគប់តែជាមួយកល្យាណមិត្ត ដែលនាំឱ្យយើងបានល្អប្រសើរខ្ពង់ខ្ពស់ហើយត្រូវចៀសឱ្យឆ្ងាយពីបាបមិត្តដែលនាំឱ្យយើងអាប់អោន ទាំងនៅក្នុងសាលារៀន និងនៅក្នុងសង្គមទាំងមូល។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានលើកទឹកចិត្តបន្ថែមទៀតដល់យុវសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាព និងប្រើស្មាតហ្វូនឱ្យបានត្រឹមត្រូវគោលដៅសិក្សារៀនសូត្រ ចាកឆ្ងាយពីអំពើអបាយមុខទាំងឡាយ ជាពិសេសនៅឱ្យឆ្ងាយពីក្មេងទំនើង ពីគ្រឿងញៀន ហើយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនបំផុតនូវច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីសុខសុវត្ថិភាពរាល់ពេលធ្វើដំណើរទាំងខ្លួនឯង និងមនុស្សផងនានានៅលើដងផ្លូវ៕






































