រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ៖ មានផ្លូវ ភ្លើង ស្ពាន និងទឹក ជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋ

0

(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត សៅ ជីវន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត លឹម អ៉ីវ អនុរដ្ឋលេខាធិការ  និងលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រុមការងារថ្នាក់ស្រុក ចូលរួមក្នុងពិធីបើកការដ្ឋានការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៦០ម ទទឹង ៨ម ស្ថិតនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ដូចជាផ្លូវ ស្ពាន ភ្លើង និងទឹក ដោយសារតែការតភ្ជាប់ពីជនបទ ទៅទីប្រជុំជន ដើម្បីជំរុញសេដ្ឋកិច្ច និងសង្គមកិច្ច ក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ការសាងសង់ ថែទាំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគចាំបាច់ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការផ្តល់សេវាសាធារណៈ។ ដោយស្របទៅ និងយុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានចាត់វិស័យអាទិភាព៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។

ឯកឧត្តម បានបន្តថា មកដល់ពេលបច្ចុប្បន្នផ្លូវ និងស្ពានជាច្រើនខ្សែត្រូវបានលើកកម្ពស់ កែលម្អ និងសាងសង់ឡើងថ្មីតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡានៅទូទាំងប្រទេស។ តាមរយៈសមិទ្ធផលផ្លូវ និងស្ពាន ដែលសម្រេចបានទាំងនេះ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនទំនិញ ជាពិសេសក៏បានរួមចំណែកទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ទាប់មកឯកឧត្តមបណ្ឌិត សៅ ជីវន្ត រដ្ឋលេខាធិការ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងរដ្ឋបាលឃុំ ឱ្យយកចិត្តទុកដាក់ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាឱ្យបានសុខសុវត្ថិភាព នៅពេលទទួលបានស្ពានថ្មី សូមប្រើប្រាស់ដោយមានការថែទាំ និងចូលរួមថែរក្សាឱ្យបានគង់វង្ស ដែលអាចប្រើប្រាស់បានយូរអង្វែង៕