ខេត្តកំពង់ធំ៖ ក្រុមការងារមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ក្រោមការណែនាំផ្ទាល់របស់ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានចុះយុទ្ធនាការចែកសេចក្តីណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ក្នុងក្រុងស្ទឹងសែន និងតាមតំបន់រមណីយដ្ឋាននានា ដូចជាស្ទឹងព្រៃប្រស់ ជាដើមនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
សកម្មភាពនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាពផលិតផលទេសចរណ៍ និងសេវាកម្ម ឱ្យស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ចំណុចសំខាន់ៗនៃសេចក្តីណែនាំ រួមមាន៖
ការបិទផ្សាយតម្លៃសេវាកម្ម៖ រាល់អាជីវកម្មស្នាក់នៅ និងម្ហូបអាហារ ត្រូវសរសេរតម្លៃឱ្យបានច្បាស់លាស់ក្នុងតារាងតម្លៃ ដើម្បីជម្រាបជូនភ្ញៀវជាមុន ជៀសវាងការដំឡើងថ្លៃហួសហេតុក្នុងថ្ងៃបុណ្យ។
ការលើកកម្ពស់អនាម័យ៖ យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចំណីអាហារ បរិស្ថានក្នុងនិងក្រៅទីតាំងអាជីវកម្ម និងបង្គន់អនាម័យ។ សន្តិសុខ និងសណ្តាប់ធ្នាប់៖ សហការជាមួយអាជ្ញាធរដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ និងរាយការណ៍អំពីចំនួនភ្ញៀវដែលមកកម្សាន្តប្រចាំថ្ងៃ។
ក្នុងឱកាសនោះ ក្រុមការងារបានចុះទៅដល់សណ្ឋាគារធំៗក្នុងខេត្ត រួមមាន សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់, សណ្ឋាគារកំពង់ធំផាលេស, និងសណ្ឋាគារក្លររៀ & Spa។ អ្នកគ្រប់គ្រងសណ្ឋាគារទាំងអស់បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានចុះហត្ថលេខាទទួលស្គាល់សេចក្តីណែនាំ ដោយសន្យានឹងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួនបំផុត។
ថ្លែងក្នុងកិច្ចសម្ភាសន៍ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបញ្ជាក់ថា៖
“គោលបំណងចម្បងរបស់យើង គឺចង់ឱ្យខេត្តកំពង់ធំ ក្លាយជាគោលដៅទេសចរណ៍ដែលភ្ញៀវចង់មកស្នាក់នៅ និងកម្សាន្ត មិនមែនគ្រាន់តែជាផ្លូវឆ្លងកាត់នោះទេ។ យើងចង់ឱ្យភ្ញៀវទទួលបាននូវអាហារមានអនាម័យ តម្លៃសមរម្យ និងការស្នាក់នៅប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ”។
ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ធំ សូមចូលរួមលើកកម្ពស់បរិស្ថាន ដើម្បីរក្សាសម្រស់ខេត្តកំពង់ធំឱ្យកាន់តែស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ មានការកើនឡើងថែមទៀត៕






































