ខេត្តស្ទឹងត្រែង៖ នៅរាត្រីថ្ងៃ១៤កុម្ភៈ២០២៦ គឺជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ Valentines Day គេបានសង្កេតឃើញថា មានមនុស្សម្នាជាច្រើនបានមកចោមរោមទិញផ្កា នៅលើទីសាធារណៈនានា នៅតាមដងផ្លូវខាងមុខសាលាខេត្តស្ទឹងត្រែង។ ហើយយុវជនភាគច្រើនបានទិញផ្កាទាំងនោះ ដើម្បីប្រគល់ជូនក្រុមគ្រួសារ មិត្តរួមការសិក្សា លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិរួមអាជីពការងារ តែក៏នៅមានយុវជនតិចតួចប៉ុណ្ណោះ បានប្រគល់ផ្កាកូឡាបដ៏ស្រស់ស្អាតទាំងនោះ ទៅឲ្យគូរសង្សារបស់ពួកគេផងដែរ។
នៅរយៈកាលច្រើនឆ្នាំកន្លងមក ទិវានៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ យុវវ័យស្ថិតក្នុងសិក្សា និងយុវជនភាគច្រើន គេបានកត់សម្គាល់ឃើញថា បានប្រគល់សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ខ្លួនទៅឲ្យគូសង្សា ក្នុងនោះក៏មានយុវតីជាច្រើនត្រូវបានបាត់បង់សម្រស់ ក្នុងថ្ងៃនៃសេចក្តីស្រឡាញ់ ១៤កុម្ភៈនេះ ថ្វីត្បិតតែថ្ងៃ ១៤កុម្ភៈ មិនជាថ្ងៃបុណ្យជាតិខ្មែរក៏ដោយចុះ។
ក្រឡេកមកមើលរាត្រីនៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ២០២៦ នេះវិញ យុវតីម្នាក់ដៃម្ខាងកាន់ផ្កាក្នុងទឹកមុខញញឹមញញែម នាងបានបញ្ជាក់ថា សេចក្តីស្រឡាញ់នៅពេលនេះ មិនសំដៅលើការលះបង់អ្វីៗគ្រប់យ៉ាងទៅឲ្យគូសង្សា ទើបហៅថា «សេចក្តីស្រឡាញ់» នោះទេ ។ នាងនិយាយទៀតថា ផ្កាកូឡាប១ទងដែលនាងបានទិញ និងកំពុងកាន់នៅក្នុងដៃនាពេលនេះ គឺនាងនឹងប្រគល់ជូន ក្រុមគ្រួសារ រួមមាន៖ ឪពុក ម្តាយ បងប្អូន និងមិត្តភក្តិរួមការសិក្សាជាដើម ដែលទាំងនេះនាង បានចាត់ទុកថា ជាការចែករំលែកសេចក្តីស្រឡាញ់ យ៉ាងគ្រប់គ្រាន់ណាស់ទៅហើយ។
យុវតីដែលជាអ្នកលក់ផ្កា ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ បានអះអាងថា ការលក់ផ្កាឆ្នាំនេះ ដាច់ជាងឆ្នាំមុនៗ ព្រោះត្បិតមានមនុស្សម្នាជាច្រើន ជាពិសេសយុជន បានចោមរោមទិញយ៉ាងច្រើនកុះករ ដោយការលក់ផ្កាទាំងនេះ លក់ទៅតាមតម្លៃនៃផ្កាផ្សេងៗ និងដាច់ដោយឡែកពីគ្នា ។ អ្នកនាងបាន ថ្លែងអំណរគុណ ដល់មនុស្សគ្រប់វ័យ ពិសេសវ័យយុវជន ដែលបានជួយទិញផ្កាគ្រប់ប្រភេទរបស់នាង និងនាងបានអំពាវនាវ ដល់យុវវ័យទាំងអស់ សូមកុំយករូបសម្រស់របស់ខ្លួន ប្តូរនឹងបាច់ផ្កា ឬ ផ្កាកូឡាប១ទងឲ្យសោះ ត្រូវយកសេចក្តីស្រឡាញ់នាថ្ងៃនេះ ប្រគល់ជូនក្រុមគ្រួសារ ឪពុក ម្តាយ បងប្អូន ពូមីងមា លោកគ្រូ អ្នកគ្រូ ក៏ដូចនៅមនុស្សជុំវិញខ្លួនយើងផងដែរ។
ដោយឡែក ស្ត្រីវ័យកណ្តាលម្នាក់ តាមទំនងជាពលរដ្ឋខ្មែរ ជាប់សែស្រឡាយចិន បើកលក់ផ្កាអង្គាសិល្ប៍ សម្ភារៈសម្រាប់សែនព្រេន គ្រឿងដង្វាយ និងគ្រឿងតុបតែងលំអរនៅតាមលំនៅឋាន តាមទំនៀមទំលាប់ ប្រពៃណីចិន បានលើកថា ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ ក៏ដូចជាបុណ្យចូលឆ្នាំ ប្រពៃណីជនជាតិ-វៀតណាម ដែលនឹងឈានចូលមកដល់ នៅថ្ងៃខាងមុខនេះ ការលក់ដូរមានការដាច់ជាមធ្យមប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ក៏បងស្រី បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ជួបតែសំណាងល្អ និងរកទទួលទានមានបានជានិច្ចនិរន្តន៍៕ ដោយ៖ឡុង សំបូរ









































