ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានស្នេីដល់ថ្នាក់ដឹកនាំ និងយុវជន ស.ស.យ.ក ទាំងអស់​ បន្តពង្រឹងវប្បធម៌សាមគ្គីភាព និងកិច្ចសហការគ្នា​ ក្នុងស្មារតីបម្រើជាតិ និងប្រជាជន

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាលខេត្តកំពង់ចាម​ បានស្នេីដល់ថ្នាក់ដឹកនាំ និងយុវជន ស.ស.យ.ក ទាំងអស់​ បន្តពង្រឹងវប្បធម៌សាមគ្គីភាព និងកិច្ចសហការ គ្នាក្នុងស្មារតីបម្រើជាតិ និងប្រជាជន សំដៅចូលរួមចំណែកជួយលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាមឲ្យកាន់ តែរស់រវើក និងមានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់​ ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នារសៀលថ្ងៃទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានស្នេីឱ្យពង្រឹង និងពង្រីកសមត្ថភាពដឹកនាំរបស់ខ្លួនជាប្រចាំតាមរយៈការសិក្សាអប់រំ និងមធ្យោបាយនានា ដើម្បីពង្រឹង និងពង្រីកបរិមាណ និងគុណភាពរបស់យុវជននៅមូលដ្ឋាន ជំរុញទឹកចិត្តឱ្យយុវជនបង្កើនការចូលរួមអនុវត្តសកម្មភាពជួយសង្គមបន្តទៀត និងបណ្តុះអ្នកដឹកនាំបន្តវេនឱ្យបានកាន់ច្រើន នៅមូលដ្ឋាន ហើយសូមធ្វើកិច្ចការនេះឱ្យបានជាប់ជាប្រចាំ ជាពិសេសកសាងយុវជន ស.ស.យ.ក. ឱ្យបានស្របតាមផែនការដែលដឹកនាំដោយឯកឧត្តម ឌី វិជ្ជា។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានក្រេីនរំលឹក​ ឱ្យបន្តលើកកម្ពស់ការចូលរួម និងកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន​ និងអ្នកពាក់ព័ន្ធ​ ក្នុងបុព្វហេតុនៃការអភិវឌ្ឍសហគមន៍ និងការជួយដល់ប្រជាពលរដ្ឋដែលខ្វះខាត និងត្រូវការជំនួយដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬឋានៈសង្គម និងអភិវឌ្ឍមូលដ្ឋាន ស្របតាមគោលនយោ បាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការ ស.ស.យ.ក​ ផងដែរ​ ៕