កំពង់ធំ៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី/ភារកិច្ចដល់កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ លើកទិសដៅបន្តខែមិនា ឆ្នាំ២០២៦ និងប្រគល់ជូនលិខិតសរសើរ ប័ណ្ណសរសើររបស់រដ្ឋបាលខេត្តកំពង់ធំ ដល់នាយទាហាន នាយទាហានរង នៃកងរាជ
អាវុធហត្ថកំពង់ធំ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងមានស្នាដែឆ្នើមក្នុងការបំពេញការងារ ជូនរដ្ឋបាលខេត្តកំពង់ធំនាពេលកន្លងមក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកំពង់ធំ។
កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង /ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័តផងដែរ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ជំរុញ និងដាក់បទបញ្ជាដល់តាមបណ្ដាមន្ទីរ/អង្គភាព មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ ត្រូវយកចិត្តទុក្ខដាក់ក្នុងការងារ ជាពិសេសត្រូវត្រួតពិនិត្យមើលល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើងកំពុងតែកក្រើកឡើងវិញ ដែលកើតឡើងក្នុងមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានសង្កត់ធ្ងន់ទៅ កម្លាំងមន្ទីរ-អង្គភាព និងក្រុង/ស្រុក មិនថាថ្ងៃឫក៏យប់ទេត្រូវធ្វើការចុះល្បាតជាប្រចាំ និងគ្រប់រូបភាពក្នុងភូមិសាស្រ្តទីរួមខេត្តនិង ក្រុង/ស្រុក ជាពិសេសលើករណីក្មេងទំនើង បង្កអសន្តិសុខនៅតាមមូលដ្ឋានត្រូវទប់ស្កាត់ឱ្យបាន ដើម្បីការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។
លោកឧត្តមសេនីយ៍ត្រី បានលើកឡើងអំពីការប្រគល់ជូនប័ណ្ណសរសើររបស់រដ្ឋបាលខេត្តកំពង់ធំ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំ ដែលនេះគឺជាការខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីបំពេញការងារបម្រើប្រជាពលរដ្ឋ បានចូលរួមចំណែកយ៉ាងសកម្ម និងមានស្នាដែឆ្នើមក្នុងការបំពេញការងារជូនរដ្ឋបាលខេត្តកំពង់ធំនាកន្លងមក ។
លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត តំណាងឱ្យនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំ ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុក្ខដាក់ និងលើកសរសើរ កងរាជអាវុធហត្ថ ក្នុងការចូលរួមបំពេញការងារយ៉ាងសកម្មជូនដល់សង្គមជាតិឱ្យរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខ៕






































