លោកឧត្តមសេនីយ៍ទោ ហេង សុផល ចុះសាកសួរសុខទុក្ខ ដល់មន្ត្រីនគរបាលកំពុងសម្រាប់ព្យាបាលនៅគេហដ្ឋាន

0

កំពង់ធំ÷ព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ក្នុងភូមិ អាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ឯក ហង្ស ចាន់ធូ នាយការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានជំងឺ ( ខ្សោយបេះដូង) ។ បន្ទាប់ពីក្រុមគ្រួសារលោកបញ្ជូនទៅពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ ថែទាំ ពីគ្រូពេទ្យ ធ្វើឱ្យស្ថានភាពជំងឺ លោក មានការធូរស្រាលប្រសើរជាងមុន ទើបគ្រួសារលោក នាំមកសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ ដែលជួបការលំបាក ឬមានជំងឺឈឺថ្កាត់ ត្រូវដឹកនាំកងកម្លាំងសាកសួរសុខទុក្ខ ដល់លំនៅឋាន មន្ត្រីរូបនោះ ។

បន្ថែមលើប្រសាសន៍ សំណេះសំណាលលោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងចូលរួមរំលែកនូវការលំបាកជាមួយក្រុមគ្រួសារអ្នកជំងឺ  និងណែនាំ ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈការរស់នៅស្អាត បរិភោគស្អាត មានអនាម័យជាប្រចាំថ្ងៃ ពិសារឱសថ តាមការកំណត់របស់គ្រូពេទ្យ ព្រមទាំងសម្រាកឱ្យបានគ្រប់គ្រាន់ ព្យាយាមហាត់ប្រាណពង្រឹងកាយសម្បទា ទើបសុខភាពលោកល្អប្រសើរឡើងវិញ បន្តចូលរួមបំពេញបេសកកម្មរបស់កងកម្លាំងនគរបាលជាតិ កម្ពុជា ក្នុងបុព្វហេតុជាតិមាតុភូមិ នៃព្រះរាជាណាចក្រកម្ពុជា យើង ។

លោកស្នងការ បានផ្ដាំផ្ញើ ដល់ក្រុមគ្រួសារអ្នកជំងឺ
សូមកុំព្រួយបារម្ភ ចំពោះការងារជាប្រចាំថ្ងៃ នៅក្នុង
អង្គភាព បើមានបញ្ហាប្រឈមអ្វីមួយ សូមរួសរាន់ទំនាក់
ទំនងមកថ្នាក់ដឹកនាំ ដើម្បីអង្គភាព មានមូលដ្ឋានជួយអន្តរាគមន៍ ដោះស្រាយជូន រូបលោកបានទាន់ពេលវេលា ។

ជាមួយគ្នានោះដែរ លោកស្នងការ បានឧបត្ថម្ភ ÷១.ថវិកាចំនួន ៣,០០០,០០០រៀល, ២.អង្ករ ១០០គីឡូក្រាម,៣. មីខ្លាឃ្មុំ ០២ កេស,៤.ទឹកបរិសុទ្ធ ០២ កេស ដល់អ្នកជំងឺ ដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយបញ្ហាជាប្រចាំថ្ងៃ ផងដែរ។

លោក ហង្ស ចាន់ធូ និងភរិយា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី ព្រមទាំងប្រតិភូអមដំណើរ ដែលបានឆ្លៀតឱកាសដ៏មានតម្លៃចុះសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភ ថវិកាមួយចំនួន ដល់ក្រុមគ្រួសារលោក នាឱកាសនេះ ៕By K D