សៀមរាប: ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅ រយៈពេលបីថ្ងៃមកនេះប្រកបដោយជោគជ័យ ត្រូវបានបិទបញ្ចប់នៅរសៀលថ្ងៃទី ២២ខែ កុម្ភះ ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សារី
អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ។ ក្នុងព្រឹត្តិការណ៍បង្ហើរ ខ្លែងឯក និង ខ្លែងសេរី បានរកឃើញនូវខ្លែងឯក និង ខែ្លងសេរី ដែលទទួលបានជ័យលាភី ចំនួន ១៨ផងដែរ ។
មានប្រសាសន៍បិទការបង្ហើរខ្លែងឯកខ្មែរនោះដែរ លោក លី សារី បានលើកផងដែរថា បន្ទាប់ពីបានដំណើរទៅអស់រយៈពេល៣ថ្ងៃ ប្រកបដោយបរិយាកាសសប្បាយរីករាយ ។ ការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ជាការអភិវឌ្ឍ និងអភិរក្សខ្លែងឯកជាកេរ្តិ៍មរតកដូនតាខ្មែរ និង ដើមី្បឲ្យកូនចៅជំនានក្រោយជាអ្នកអភិរក្សបន្ត ហើយក៏បាន បង្ហាញដល់ពិភពលោកបានស្គាល់ពីវប្បធម៌ជាតិខ្មែរពិតៗ មិនចម្លងពីបរទេសឡើយ ។ ម៉្យាងទៀតការរៀបចំពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងឯកសេរី នៅខេត្តសៀមរាបឆ្នាំ២០២៦នេះ ជាលើកទី២ហើយ គឺជាព្រឹត្តិការណ៍វប្បធម៌ជាតិ ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត និង មានចរិកជាបេតិកភណ្ឌរបស់ជាតិ និង មានតម្លៃសម្រាប់ទ្រទ្រង់ព្រលឹង និង អត្តសញ្ញាណរបស់ជាតិ តាមរយៈការលើកកម្ពស់តំលៃវប្បធម៌សង្គមកម្ពុជា ដែលជារដ្ឋមួយដ៏ចំណាស់ក្នុងប្រវត្តិសាស្រ្ត ដែលធ្លាប់មានអារ្យធម៌ល្បីរន្ទឺក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ។ នេះគឺជាឧត្តមភាពនៃវប្បធម៌ និងការផ្សព្វផ្សាយព្រឹត្តការណ៍នេះ និងបង្កើននូវភាពទាក់ទាញថ្មីថែមទៀតដល់ភ្ញៀវទេសជាតិ អន្តរជាតិចូលមកទស្សនាខេត្តសៀមរាប និងសិក្សាឈ្វេង យល់អំពីកម្ពុជាកាន់តែច្រើនទៀត ក្នុងឆ្នាំបន្តបន្ទាប់ ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី រយៈពេល៣ថ្ងៃ នៅលើទីលានអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នេះ ធានាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ចរាចរណ៍ និងស្ថានភាពអនាម័យ បរិស្ថាន មានសភាពល្អប្រសើរ ព្រមទាំងដំណើរការ នៃការប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ក៏បានប្រព្រឹត្តទៅក្នុងបរិយាកាស ល្អប្រសើរ បង្កលក្ខណៈសប្បាយរីករាយ អធិកអធម និងរក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ ។ លោកក៏បានធ្វើការផ្តាំផ្ញើ ក្នុងនាមយើងជាកូនខ្មែរគ្រប់រូប ត្រូវតែចូលរួមថែករក្សាការពារ និងលើកតម្លៃវប្បធម៌របស់ជាតិយើង បើសិនយើងគ្រប់គ្នាមិនចូលរួមនោះទេ ថ្ងៃណាមួយនឹងបាត់បង់ជាក់ជាមិនខាន ។ លោក លី សារី ក៏បានធ្វើការកោតសរសើរ ដល់ប្រតិភូខ្លែងទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្ត ទាំងខ្លែងដែលទទួលបានជ័យលាភី និង មិនបានទទួលជ័យលាភីនៃការប្រកួតបង្ហើរក៏នៅតែសម្តែងក្តីសោមនស្សរីករាយ មោទនភាព ទទួលយកលទ្ធផលជាក់ស្តែងតាមការរៀបចំត្រឹមត្រូវ ឥតលម្អៀងរបស់ គណៈកម្មការ ផ្តល់ពិន្ទុ អញ្ជើញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ នេះជាសក្ខីភាពបញ្ជាក់ឲ្យឃើញថាប្រជាជាតិខ្មែរយើងពិតជាម្ចាស់ នៃវប្បធម៌ដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំមកហើយ យ៉ាងពិតប្រាកដ។
លទ្ធផល នៃការប្រកួតបង្ហើរខ្លែងដែលទទួលបានចំណាត់ថ្នាក់ និង ខ្លែងដែលមិនទានបានទទួលចំណាត់ថ្នាក់ថ្នាក់ ត្រូវបន្តខិតខំសិក្សាស្វែងយល់ពីបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឲ្យការប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី នាឆ្នាំក្រោយ និងឆ្នាំបន្តបន្ទាប់ទៀតកាន់តែធានាបានទាំងរូបភាព សោភ័ណ្ឌភាព ទាំងគុណភាពបច្ចេកទេស ។ ក្នុងនោះលោកអភិបាលរងខេត្តក៏បានជម្រុញ ដល់ប្រតិភូខ្លែងទាំងអស់បង្កើនធ្វើការកែច្នៃខ្លែងរបស់ខ្លួន ឲ្យកាន់តែមានសោភណ្ឌភាព និង បង្កប់ទៅដោយអត្ថន័យនៃខ្លែងតាមបណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក សហគមន៍របស់ខ្លួន ដើមី្បទទួលបានភាពជោគជ័យក្នុងការប្រកួតនៅឆ្នាំបន្តទៀត ។
,តាមការបញ្ជាក់របស់លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្តសៀមរាប បានឲ្យដឹងអំពីលទ្ធផល នៃការបង្ហើរខ្លែងឯក និង ខ្លែងសេរី រយៈពេល៣ថ្ងៃមានចំនួន១៣៨ខ្លែង ក្នុងនោះខ្លែងឯក ចូលរួមប្រកួត ចំនួន ៩៣ខ្លែង និង ខ្លែងសេរី ចំនួន៤៥ខ្លែង ដោយមានខ្លែងឯក និង ខ្លែងសេរី មកពីរាជធានីភ្នំពេញ ខេត្ត ចំនួន៦ ចូលរួមប្រកួត ។ ក្នុងនោះបានរកឃើញ ជ័យលាភីវិស័យអប់រំ ៦ ពាន . ជ័យលាភីវិស័យឯកជន ៦ពាន និង ជ័យលាភីវិស័យរដ្ឋ ៦ ពាន់ ព្រមទាំងខ្លែងឯក ខ្លែងសេរីចំណាត់ថ្នាក់កិត្តិយស ១៧ក្រុម ហើយក្នុងរយៈពេល៣ថ្ងៃនេះ ក៏មានភ្ញៀវជាតិ អន្តរជាតិ ចូលរួមទស្សនាចំនួនប្រមាណជា ១ម៉ឺននាក់ទៀតផង ៕






































