ពន្ធនាគារខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ការថែរក្សាសុខភាពអនាម័យ និងផលប៉ះពាល់នៃគ្រឿងញៀនដល់ជនជាប់ឃុំ

0

(ប៉ៃលិន) ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ បើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ការថែរក្សាសុខភាពអនាម័យ និងពន្យល់អំពីផលប៉ះពាល់ នៃគ្រឿងញៀន ដល់ជនជាប់ឃុំ ចំនួន១៧២ នាក់ ស្រ្ដី១៧នាក់ ក្នុងពន្ធនាគារខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ នេះមិនមែនជាលើកទី១ទេ ដែលពន្ធនាគារខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយ ការអប់រំអំពីបញ្ហាសុខភាព និងបញ្ហាគ្រឿងញៀន ដល់ជនជាប់ឃុំ គឺយើងធ្វើឡើងជាបន្តបន្ទាប់រហូត។ លោកប្រធានពន្ធនាគារ បានលើកឡើងបន្ថែមថា៖ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងសណ្តាប់ធ្នាប់ របៀបរៀបរយ និងលើកកម្ពស់គុណភាពជីវិត របស់ជនជាប់ឃុំ។

ពាក់ព័ន្ធនិងការផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងការថែរក្សាសុខភាព លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន ក៍បានសង្កត់ធ្ងន់ លើចំណុចគន្លឹះចំនួនពីរ៖ ទី១.ជនជាប់ឃុំទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវរាល់បទបញ្ញត្តិ ដែលបានកំណត់ ដើម្បីរក្សាសុវត្ថិភាព និងភាពសុខសាន្ត ក្នុងមណ្ឌលឃុំឃាំង។ ការរស់នៅមានវិន័យ គឺជាគ្រឹះនៃការរស់នៅជាមួយគ្នាដោយសន្តិវិធី។ ទី២.ការណែនាំ ឱ្យជនជាប់ឃុំយកចិត្តទុកដាក់ លើអនាម័យខ្លួនប្រាណ ការរស់នៅស្អាត ហូបស្អាត និងការហាត់ប្រាណ ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ។ ជាមួយគ្នានេះលោកប្រធាន បានពន្យល់យ៉ាងច្បាស់ អំពីឥទ្ធិពលអាក្រក់ នៃគ្រឿងញៀន ដែលបំផ្លាញទាំងសុខភាព បំផ្លាញអនាគត និងបង្កវិបត្តិ ដល់គ្រួសារ និងសង្គមជាតិ ព្រមទាំងជំរុញ ឱ្យជនជាប់ឃុំទាំងអស់ ត្រូវប្តេជ្ញាចិត្តខ្ពស់ ក្នុងការ “និយាយថាទេចំពោះគ្រឿងញៀន” និងជៀសឱ្យឆ្ងាយជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ជាចុងក្រោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន ក៍បានមានប្រសាសន៍ផ្ដាំផ្ញើ និងជំរុញទឹកចិត្ត ដល់ជនជាប់ឃុំទាំងអស់ នូវចំណុចសំខាន់ៗ រួមមាន៖

“ពន្ធនាគារ មិនមែនជាកន្លែង សម្រាប់តែការដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែជាកន្លែង សម្រាប់អប់រំ កែប្រែ  និងផ្តល់ឱកាស ឱ្យបុគ្គលដែលធ្លាប់ខុសឆ្គង ចេះកែខ្លួនឱ្យក្លាយជាមនុស្សថ្មី។” ត្រូវយកពេលវេលា នៅក្នុងពន្ធនាគារ មកសិក្សារៀនសូត្រ ហាត់រៀនជំនាញ និងពិចារណាលើកំហុសឆ្គងកន្លងមក ដើម្បីកសាងអនាគតថ្មី។ ត្រូវមានភាពអត់ធ្មត់ ជឿជាក់លើការកែប្រែរបស់ខ្លួនឯង និងមិនត្រូវអស់សង្ឃឹម ក្នុងជីវិតឡើយ។ រស់នៅជាមួយគ្នា ដោយការយោគយល់អធ្យាស្រ័យ និងជួយរំលឹកគ្នា ទៅវិញទៅមក ក្នុងផ្លូវវិជ្ជមានផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន