(ប៉ៃលិន)៖ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តប៉ៃលិន មានបើកកិច្ចប្រជុំវាយតម្លៃការស្នើសុំតែងតាំងអនុប្រធានពន្ធនាគារខេត្ត ប្រធាន អនុប្រធានការិយាល័យ និងប្រធាន អនុប្រធានផ្នែក ដើម្បីបំពេញរចនាសម្ព័ន្ធពន្ធនាគារខេត្ត ជំនួសមន្ត្រី ដែលចូលនិវត្តន៍ និងទទួលមរណភាព។ពិធីនេះស្ថិតក្រោមអធិបតីភាពលោក សោ សុវណ្ណ អភិបាលរងទទួលកិច្ចការពន្ធនាគារ និង លោក ម៉ើង លីដា អភិបាលរងទទួលបន្ទុកកិច្ចការមុខងារសាធារណ: តាំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន និងអនុប្រធានពន្ធនាគារខេត្ត ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានផ្នែក ពាក់ព័ន្ធជាច្រើនរូប។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការតែងតាំងមន្ត្រី ក្នុងរចនាសម្ព័ន្ធពន្ធនាគារ ត្រូវអនុលោមតាមច្បាប់សំខាន់ៗចំនួនពីរ៖
ទី១.ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល៖ កំណត់អំពីលក្ខខណ្ឌវិនិច្ឆ័យក្នុងការជ្រើសរើសមន្ត្រីដូចជា អតីតភាពការងារ សមត្ថភាព វិន័យ និងកម្រិតវប្បធម៌។ទី២.ច្បាប់ស្តីពីពន្ធនាគារ៖ ដោយសារមន្ត្រីពន្ធនាគារ គឺជាមន្ត្រីដែលមានក្របខណ្ឌឡូហ្គោដោយឡែក (ស្ថិតក្រោមក្រសួងមហាផ្ទៃ) ការតែងតាំងត្រូវឆ្លងកាត់ ការវាយតម្លៃពីគុណសម្បត្តិ និងសីលធម៌បុគ្គលជាចម្បង ដើម្បីធានាបាននូវការគ្រប់គ្រងមនុស្សតាមច្បាប់។ ចំណែកនីតិវិធីនៃការវាយតម្លៃ ធ្វើឡើងដើម្បី “បំពេញចន្លោះខ្វះខាត” (ជំនួសអ្នកចូលនិវត្តន៍ និងមរណភាព) ដែលនេះ ជាការធានានូវ “និរន្តរភាព នៃមុខងារសាធារណៈ”ផងដែរ។
មានប្រសាសន៍ក្នុងឪកាសនោះដែរលោក សោ សុវណ្ណ អភិបាលរងទទួលកិច្ចការពន្ធនាគារ និង លោក ម៉ើង លីដា អភិបាលរងទទួលបន្ទុកកិច្ចការមុខងារសាធារណ: បានលើកឡើងរួមគ្នាថា៖ កិច្ចប្រជុំពេលនេះគឺជាសក្ខីភាព នៃការយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការធ្វើទំនើបកម្មរដ្ឋបាល និងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីធានាថា អង្គភាពពន្ធនាគារខេត្ត មានថ្នាក់ដឹកនាំគ្រប់គ្រាន់ ប្រកប ដោយសមត្ថភាព និងសីលធម៌ ហើយនេះក៍ជាការបង្ហាញ ពីសង្វាក់ការងារប្រកប ដោយបច្ចេកទេស ដោយមានការវាយតម្លៃ លើជំនាញវិជ្ជាជីវៈពន្ធនាគារ ការគ្រប់គ្រងជនជាប់ឃុំ និងសន្តិសុខ ការពិនិត្យលើទិដ្ឋភាពច្បាប់ នៃឋានន្តរស័ក្តិ ថ្នាក់ និងសិទ្ធិទទួលបានការតែងតាំង តាមឋានានុក្រមរដ្ឋបាល។
លោកអភិបាលរងខេត្ត ក៍បានមានប្រសាសន៍បញ្ជាកថា៖ ការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ មានគោលបំណងជំរុញ ចំណុចសំខាន់ៗដូចជា៖ ទី១.គឺការពង្រឹងខ្សែរយៈគណនេយ្យភាព៖ នៅពេលមានប្រធាន ឬអនុប្រធានផ្នែកច្បាស់លាស់ ការទទួលខុសត្រូវលើការងារប្រចាំថ្ងៃនឹងមានប្រសិទ្ធភាពជាងមុន។ ទី២.គឺការលើកទឹកចិត្តមន្ត្រី មានន័យថា ការតែងតាំងមន្ត្រី ដែលនៅសេសសល់ ឱ្យឡើងតំណែង គឺជាការផ្តល់កម្លាំងចិត្ត ដល់មន្ត្រីដែលបានខិតខំបំពេញការងារ កុំឱ្យមានការកកស្ទះការងារ បន្ទាប់ពីមានមន្ត្រីចាស់ៗចាកចេញ។ទី៣.គឺសណ្តាប់ធ្នាប់ និងសុវត្ថិភាព ពន្ធនាគារជាកន្លែងរសើប ការមានរចនាសម្ព័ន្ធគ្រប់គ្រងពេញលេញ ជួយបង្ការហានិភ័យផ្សេងៗ ដែលអាចកើតមានឡើងផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន





































