អាជ្ញាធរខេត្តស្ទឹងត្រែង សម្រេចមិនចោទប្រកាន់ស្ត្រីម្នាក់ដែលប្រឌិតរឿង “ចោរប្លន់” ដើម្បីបិទបាំងរឿងយកប្រាក់ជួយសាច់ញាតិ

0

[ខេត្តស្ទឹងត្រែង]៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តស្ទឹងត្រែង បានសម្តែងការហួសចិត្តយ៉ាងខ្លាំង និងបានអំពាវនាវដល់សាធារណជនកុំឱ្យមានការភាន់ច្រឡំ ក្រោយពីការស៊ើបអង្កេតយ៉ាងក្តៅគគុកលើករណី “ចោរប្លន់ប្រដាប់អាវុធ” មួយ ដោយប្រើរយៈពេល ១៦ថ្ងៃ និងបានរកឃើញថា គ្រាន់តែជាសាច់រឿងដែលប្រឌិតឡើងទាំងស្រុងដោយស្ត្រីជាភរិយា ដើម្បីបិទបាំងកំហុសដែលខ្លួនបានយកទ្រព្យសម្បត្តិគ្រួសារ ទៅជួយសាច់ញាតិដោយមិនឱ្យស្វាមីដឹង។

អាជ្ញាធរ និងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ចប់ការស៊ើបអង្កេតករណីសង្ស័យចោរប្លន់ប្រដាប់អាវុធនោះ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយតម្រូវឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលមានលោកឧត្តមសេនីយ៍ត្រី សេង សុភាព ជាមេបញ្ជាការ ដឹកនាំបើកការស្រាវជ្រាវជាបន្ទាន់ និងបានរកឃើញថា ជារឿងប្រឌិតឡើងដោយម្ចាស់បណ្តឹងផ្ទាល់។

លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈគណនីឈ្មោះ “Bong Leang” ដែលបានបង្ហោះសារព្រមានពីសុវត្ថិភាពក្នុងខេត្តស្ទឹងត្រែង ដោយអះអាងថាមានចោរចូលប្លន់ដល់ក្នុងបន្ទប់ និងប្រើប្រាស់អាវុធខ្លីគំរាមយកទ្រព្យសម្បត្តិអស់ពីខ្លួន ខណៈកូនតូចកំពុងឈឺសម្រាកនៅក្នុងមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹង ពិសេសទទួលបានបញ្ជាយ៉ាងម៉ឹងម៉ាត់ពីលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ ភ្លាម មន្ត្រីកងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវយ៉ាងដិតដល់ ដោយប្រើពេលវេលាអស់១៦ថ្ងៃ ជាលទ្ធផល ស្ត្រីជាភរិយាឈ្មោះ ហាក់ គឹមមួយ អាយុ ២៥ ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរៀបចំប្រឌិតសាច់រឿងនេះឡើង ដើម្បីភូតកុហកស្វាមី។

ស្ត្រីជាភរិយាឈ្មោះ ហាក់ គឹមមួយ បានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលនាងបានយកទៅជួយសាច់ញាតិ ក្រុមគ្រួសារខាងនាង រួមមាន៖ មាស ១ តម្លឹង ៣ ជី ,គ្រឿងអលង្កាប្លាទីន តម្លៃប្រមាណ ៣ លានរៀល និងប្រាក់សុទ្ធចំនួន ៧ លានរៀល។ នាងបានបញ្ជាក់ទៀតថា មាស និងប្រាក់ទាំងនោះ តាមពិតត្រូវបានខ្លួនយកទៅជួយបងស្រីបង្កើត ដែលជាមេម៉ាយកូន ៤ នាក់ ដើម្បីបើកមុខរបរ និងមួយផ្នែកទៀតផ្ញើទៅព្យាបាលឪពុកម្តាយ ដែលមានជំងឺចាស់ជរានៅប្រទេសវៀតណាម។ នាងថា ដោយសារខ្លាចស្វាមីស្តីបន្ទោស ទើបនាងសម្រេចចិត្តបង្កើតរឿងចោរប្លន់នេះឡើង។

​          យោងតាម ក្រមព្រហ្មទណ្ឌ មាត្រា ៥២៤ ការប្តឹងភូតកុហកដល់អាជ្ញាធរមានសមត្ថកិច្ច ដែលនាំឱ្យមានការស៊ើបអង្កេតឥតប្រយោជន៍ ត្រូវប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ដល់ ៦ ខែ និងពិន័យជាប្រាក់ពី ១០០,០០០ រៀល ដល់ ១,០០០,០០០ រៀល។

តែទោះជាយ៉ាងណា ក្នុងស្មារតីយោគយល់ និងសណ្ដោសប្រណី “ដោយពិចារណាលើបញ្ហាជីវភាពគ្រួសារ និងការធ្វើឡើងដោយខ្វះការពិចារណា លោក សរ សុពុត្រា អភិបាលខេត្ត និងលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមនឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានសម្រេចមិនកសាងសំណុំរឿងបញ្ជូនទៅតុលាការឡើយ ដោយគ្រាន់តែធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។”

​          អង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ សូមកុំប្រឌិតរឿងរ៉ាវក្លែងក្លាយតាមបណ្តាញសង្គម ឬរាយការណ៍ភូតកុហកដល់សមត្ថកិច្ច ដែលបង្កឱ្យមានការភ័យខ្លាចក្នុងសង្គម និងខាតបង់ពេលវេលាការងាររបស់អាជ្ញាធរ។ ក្នុងករណីមានបទល្មើសពិតប្រាកដ សូមរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការតាមច្បាប់៕ដោយ៖ឡុង សំបូរ