ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ នាំយកអំណោយសប្បុរសធម៌ ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ដើម្បីជាការលើកទឹកចិត្តដល់ស្មារតីស្នេហាជាតិ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

អំណោយដែលបាននាំយកទៅប្រគល់ជូននាឱកាសនោះ មានសម្ភារៈ និងថវិកាដែលបានមកពីការចូលរួមវិភាគទានសប្បុរសធម៌ រួមមាន៖ បន្ទះសូឡា និងអាគុយមួយឈុត, ចង្ក្រាន និងកំប៉ុងហ្គាស ព្រមទាំងគ្រឿងឧបភោគបរិភោគ ជាអំណោយសប្បុរសធម៌របស់ លោកស្រីប្រធានមន្ទីរផ្ទាល់ និងលោកស្រី ធន សយនារីរត្នន៍ ទីប្រឹក្សាក្រសួងព័ត៌មាន ,នាឡិកាដៃ ចំនួន ១៣គ្រឿង ជាអំណោយរបស់ លោក ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) និងលោកស្រី ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ,ទឹកពិសាបរិសុទ្ធ ចំនួន ៣០កេស ជាអំណោយរបស់ លោកស្រី ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន។

ក្នុងឱកាសសំណេះសំណាលដ៏មានអត្ថន័យនោះ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសម្ដែងនូវការកោតសរសើរដោយស្មោះ ចំពោះវីរភាពអង់អាចក្លាហានរបស់កងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការការពារដែនអធិបតេយ្យភាពជាតិ។ លោកស្រីក៏បានប្រសិទ្ធពរជ័យ ជូនដល់វីរកងទ័ពទាំងអស់ សូមមានសុខភាពល្អមាំមួន និងបន្តរក្សាស្មារតីស្នេហាជាតិខ្ពស់ ដើម្បីជាបង្អែកដ៏រឹងមាំក្នុងការការពារជាតិ មាតុភូមិ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ៕ដោយ៖ឡុង សំបូរ