លោកឧត្តមសេនីយ៍ទោ ហេង សុផលប្រគល់ភារកិច្ចដល់មន្ត្រីនគរបាលថ្មីឱ្យទៅបំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់

0

កំពង់ធំ÷ ដោយអនុវត្តតាមការចង្អុលដឹកនាំ ដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានជួបសំណេះសំណាល និងប្រគល់ភារកិច្ចដល់មន្ត្រីនគរបាលបំពេញជួសប្រចាំឆ្នាំ២០២៥
ឱ្យទៅបំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត សូមស្វាគមន៍ និងចូលរួមអបអរសាទរ ចំពោះប្អូនៗ ទាំង១៣១នាក់ ដែលទទួលបានជ័យលាភី ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ថ្ងៃនេះដែរ លោកពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចជូនប្អូនៗ ឱ្យទៅបំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាល តាមមូលដ្ឋានឃុំ-សង្កាត់ទូទាំងខេត្ត សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការផ្ដល់សេវាសាធារណៈ និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ស្របតាមគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់
មានសុវត្ថិភាព” ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល  បន្តថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត បានបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដល់មន្ត្រីនគរបាលទាំង១៣១ នាក់ អំពី÷ ១.លំហាត់របៀប,២. វិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ,៣.ច្បាប់ និងជំនាញ ដោយគ្រូឧទ្ទេសនាម ក្នុងអង្គភាព សម្រេចបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ព្រមទាំងបានបញ្ជូនទៅចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី២០ លើកទី១ ចំនួន ៥៧ នាក់ នៅសាលានគរបាលជាតិ ភូមិភាគ៤ ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗ នេះ ។

ឆ្លៀតឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានផ្ដាំផ្ញើដល់ប្អូនៗ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន គោរពវិន័យ បទបញ្ជា ដែលថ្នាក់ដឹកប្រគល់ជូន អនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ចូលរួមអនុវត្តការងារជាប្រចាំថ្ងៃ ប្រកបដោយស្មារតីទទួលខុសត្រូវ ពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព ជាប្រចាំ បង្កើនការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អ ជាមួយមន្ត្រីរាជការ មហាជនគ្រប់ស្រទាប់វណ្ណៈ មន្ទីរអង្គភាពជុំវិញខ្លួន ។

ជាកិច្ចចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានឧបត្ថម្ភថវិកា ដល់មន្ត្រីនគរបាលថ្មី ចំនួន១០០នាក់ ក្នុងនោះផ្ទេរមកពីនៅបណ្ឌិត្យសភានគរបាលកម្ពុជា២៦ នាក់ ក្នុង១នាក់ទទួលបានថវិកា៥០,០០០ រៀល សរុបថវិកា ៥,០០០,០០០រៀល៕