ខេត្តព្រះវិហារ៖ ក្នុងស្មារតីពង្រឹងសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ លោកស្រី ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ត្រីខេត្តព្រះវិហារ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខដោយផ្ទាល់ ដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
នៅក្នុងបេសកកម្មនេះ លោកស្រីប្រធានក្រុមចលនាស្ត្រី រួមជាមួយតំណាងមន្ទីរព័ត៌មាន មន្ទីរផែនការខេត្ត និងសប្បុរសជន បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាលើកទឹកចិត្តមួយចំនួន ដែលជាអំណោយសប្បុរសធម៌ កើតចេញពីសទ្ធាជ្រះថ្លារបស់លោកស្រីផ្ទាល់ និងសហការី។
ជាមួយគ្នានោះដែរ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន លោកស្រី ជា ស៊ុនដាណែត ព្រមទាំងសប្បុរសជននៅរាជធានីភ្នំពេញ ក៏បានចូលរួមឧបត្ថម្ភទឹកបរិសុទ្ធចំនួន ៥០កេស ដើម្បីជួយសម្រួលដល់តម្រូវការប្រចាំថ្ងៃរបស់កងទ័ពផងដែរ។
អ្វីដែលជាចំណុចពិសេសនៃដំណើរទស្សនកិច្ចនេះ លោកស្រី ខូយ ប៊ុនថាន ក៏បានឆ្លៀតឱកាសរៀបចំកម្មវិធីអបអរសាទរមុនកាលកំណត់នៃ ទិវានារីអន្តរជាតិ ០៨ មីនា ជូនដល់វីរនារីជួរមុខ។ ខណៈនោះ លោកស្រី ក៏បានប្រគល់ជូននូវ៖ ក្រណាត់ហូល (តំណាងឱ្យតម្លៃស្ត្រីខ្មែរ) និងសម្ភារៈប្រើប្រាស់ផ្សេងៗ សម្រាប់យុទ្ធនារី ហើយសកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់តម្លៃដល់ស្ត្រីដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួន ដើម្បីបំពេញភារកិច្ចការពារជាតិ មាតុភូមិយ៉ាងក្លាហាន។
ក្នុងជំនួបសំណេះសំណាលនោះ លោកស្រី ខូយ ប៊ុនថាន បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានសរសើរចំពោះស្មារតីមោះមុតរបស់កងទ័ពទាំងអស់ផងដែរ។
ជាកិច្ចឆ្លើយតប កងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន បានសម្តែងនូវក្តីរំភើប និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូ ដែលតែងតែនៅក្បែរ និងផ្តល់កម្លាំងចិត្តដល់ពួកគេគ្រប់កាលៈទេសៈ៕ដោយ៖ឡុង សំបូរ






































