កំពង់ធំ÷ លោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវធ្វើផែនការឱ្យបានច្បាស់លាស់ក្នុងការចុះជួបនិងស្វែងយល់ពីតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋខ្លួន លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកនិងសហការីបានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខសិក្សាស្វែងយល់ពីតម្រូវការជាអាទិភាព
បញ្ហាប្រឈមនានានិងឧបត្ថម្ភស្បៀង គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ដល់ប្រជាពលរដ្ឋងាយរកហានិភ័យនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។
លោកបានបន្ថែមថា មេឃុំ ក្រុមប្រឹក្សាឃុំ កុំធ្វើខ្លួនជាមន្ត្រីដែលទំនេរ ជាមន្ត្រីជើង១០ នៅតែក្នុងសាលាឃុំ ផ្ទុយទៅវិញត្រូវដាក់ផែនការឱ្យបានជាក់លាក់ ចុះតាមមូលដ្ឋានជួបផ្ទាល់ព្រមទាំងសិក្សាស្វែងយល់ឱ្យបានជាក់លាក់ ដើម្បីបានជាព័ត៌មាន ជាទិន្នន័យ ក្នុងការធ្វើផែនការអភិវឌ្ឍន៍ឃុំ ឱ្យបានសមស្របត្រូវចំគោលដៅនិងដោះស្រាយជាបន្ទាន់ជាពិសេស ទិន្នន័យប្រាកដប្រជាក្នុងការរាយការណ៍ជូនដល់ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមការងារចុះមូលដ្ឋានឃុំនិងស្រុកផ្ទាល់តែម្ដង។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម លើកទឹកចិត្តដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវមានភាពក្លាហានក្នុងការលើកឡើងពី បញ្ហា តម្រូវការ ទុក្ខកង្វល់ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសការផ្ដល់សេវារបស់អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល មណ្ឌលសុខភាព ។ល។ និងពីភាពខ្វះចន្លោះនានា ដើម្បីបានជាព័ត៌មានត្រឡប់និងភាសាផ្ទាល់របស់ពលរដ្ឋ ក្នុងការចូលរួមដោះស្រាយ និងឆ្លើយតបតម្រូវការរបស់បងប្អូនពលរដ្ឋក្នុងមូលដ្ឋានឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ដែលបានចូលរួមឧបត្ថម្ភមីក្នុងការចូលរួមបន្ថែមទៀតជាមួយឧបត្ថម្ភគាំទ្រដល់ពុកម៉ែបងប្អូននៅក្នុងឱកាសនេះ។
សូមបញ្ជាក់ថា ការជួបជួបសំណេះសំណាលនៅក្នុងឱកាសនេះមាន ពលរដ្ឋងាយរងហានិភ័យចំនួន១៩គ្រួសារ ហើយលោក សាយ គឹមឡម បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ សម្លៀកបំពាក់មួយចំនួនផងដែរ។






































