(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ។
នៅក្នុងកិច្ចប្រជុំនេះ មានរៀបវារៈ០៣សំខាន់ៗ ដើម្បីដាក់ជូនអង្គពិធីធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ៖
១- ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត
៣- បញ្ហាផ្សេងៗ
ឯកឧត្តម ដៀប ពីរី បានលើកឡើងថា របាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលខេត្តនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការអនុវត្តតួនាទី ភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវខ្ពស់ តាមរយៈការធ្វើសកម្មភាពនានា ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន។
ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍ពិភពលោក ជាពិសេសសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលអាចនឹងកើតមានឡើង ដោយសណ្តាប់ធ្នាប់ពិភពលោកដែលឈរលើមូលដ្ឋានច្បាប់សឹងតែស្លាប់បាត់ទៅហើយ ដែលនេះបានបង្កជាសង្គ្រាមជាច្រើនកន្លែងនៅលើពិភពលោក ហើយក៏ជាការបង្កនូវឱកាសដល់ប្រទេសជិតខាងយើងឆក់យកឱកាសដើម្បីឈ្លានពានកម្ពុជា ដោយមិនខ្លាចការរិះគន់ថារំលោភបំពានច្បាប់អន្តរជាតិនោះទេ។ លើសពីនេះទៀត ឯកឧត្តម ក៏បានធ្វើបច្ចុប្បន្នភាពអំពីគម្រោងនានារបស់រដ្ឋបាលខេត្ត ដែលបាននឹងកំពុងដំណើរការផងដែរ។ ហើយគម្រោងទាំងអស់នេះនឹងធ្វើឱ្យខេត្តកំពង់ធំបានទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តមានការកើនឡើង ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជាងមុន។






































