ជនជាតិបរទេសម្នាក់បែកថ្នាំកាប់បំផ្លាញទ្រព្យសម្បត្តិក្នុង(ខុនដូរ)ត្រូវបានឃាត់ខ្លួន

0

សៀមរាប: កម្លាំងអាវុធហត្ថខេត្តសៀមរាប បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង ដៃកាន់កំបិត និង បំផ្លាញសម្ភារៈក្នុងបន្ទប់ ខុនដូ ស្ថិតនៅជាន់ទី៣ ក្នុងភូមិ វត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នេះ។ ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនបុរសបរទេសខាងលើ ដោយបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការសាកសួរ និង ចាត់ការតាមនីតិវិធីច្បាប់ ។
ជនសង្ស័យមានឈ្មោះ DILLON MICHEL ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ធ្វើតេស្តទឹកមូត្ររកឃើញជាប់សារធាតុញៀន ដែលអាចសន្និដ្ឋានបានថា បុរសរូបនេះ បានប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបធ្វើឲ្យបាត់បង់ស្មារតី (បែកថ្នាំ) ទើបបញ្ចេញអាកប្បកិរិយាគម្រាមកំហែងបំភិតបំភ័យ បំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃយ៉ាងដូច្នេះ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងសួរនាំ ដើម្បីរៀបចំចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕