សៀមរាប: កិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិសមាគមប្រចាំឆ្នាំ២០២៥ របស់ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅពេញមួយព្រឹក នាថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល
អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និង លោក គៀង សេងគី អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមសមាជិកសមាជិកា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ និង អាជ្ញាធរក្រុង ស្រុកខេត្តសៀមរាប ប្រមាណជា២០០នាក់ចូលរួម ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក សាម ឡន ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តសៀមរាប និង ចំណាប់អារមណ៍របស់លោក គៀង សេងគី អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាមូលដ្ឋាន រួចមក មាន ប្រសាសន៍បើកកិច្ចប្រជុំនោះ លោក សុខ ថុល អភិបាលរងខេត្ត បានលើកនូវចំណុចសំខាន់ៗ ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់សមាជិកសមាជិកាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ក្នុងការបន្តជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយបន្តខិតខំប្រឹងប្រែង បំផុស ចលនាប្រជាពលរដ្ឋឲ្យចូលរួមក្នុងចលនានេះឲ្យបានជាប់ជាប្រចាំ ។
ពិសេសត្រូវយកចិត្តទុកដាក់ ក្នុងការ សហការជាមួយគ្នាឲ្យបានស្អិតរមួត រវាងគណៈបញ្ជាការឯកភាពខេត្ត និងគណៈបញ្ជាការឯកភាពក្រុង ស្រុក ។ ត្រូវបន្តជម្រុញការរៀបចំផែនការថវិកាសង្គម និងជំនួយសង្គម ក៍ដូចជាការទូទាត់ឯកសារចំណាយ ផ្សេងៗឱ្យសមស្របជាមួយផែនការព្រមទាំងលេខកូដគណនី នីមួយៗ ជៀសវាងមានរឿងកើតឡើងផ្សេងៗជាយថាហេតុ ដែលនាំខូចកេរ្ត៍ឈ្មោះរបស់ក្រុមប្រឹក្សា។
ក្នុងកិច្ចប្រជុំបានធ្វើការអនុម័តទៅលើរបាយការណ៍ សកម្មភាព និង ថវិការបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តឆ្នាំ២០២៥ និង ការអនុម័តលើផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៦ ព្រមទាំងការអនុម័តលើការកែសម្រួល លក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុងរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ និង ការអនុម័តលើការអនុវត្តចំណូល ចំណាយ របស់កម្មវិធីមរណៈសង្គ្រោះឆ្នាំ២០២៥ និង ទិសដៅឆ្នាំ២០២៦ ។
មានប្រសាសន៍បិទកិច្ចប្រជុំនោះឯកឧត្តម លី សំរិទ្ធ បានលើក គោលបំណងនៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបង្កើតជានីតិបុគ្គលធ្វើជាតំណាងឲ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជាសមាជិករបស់ខ្លួន សំដៅការពារផលប្រយោជន៍រួមរបស់សមាជិក ជម្រុញកិច្ចសហប្រតិបត្តិការរវាងសមាជិក ការអភិវឌ្ឍសមត្ថភាពនិងលទ្ធភាពសម្រាប់ការធ្វើឲ្យប្រសើរឡើងនូវមុខងារ និងធនធានតាមច្បាប់សម្រាប់សមាជិករបស់ខ្លួន តាមរយៈការចូលរួមក្នុងដំណើរការតស៊ូមតិ ការពិភាក្សា ពិគ្រោះយោបល់លើការរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងៗរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំសមាគម ដោយនាំមកនូវសមិទ្ធផលចំបងៗ មានដូចជា វគ្គបណ្តុះបណ្តាល វេទិកាពង្រឹងតួនាទី ភារកិច្ច ចុះរៀបចំកិច្ចប្រជុំ ប្រឹក្សាយោបល់ និងប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំសាខាក្រុង ស្រុក ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របតាមគោលបំណង និង ទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ។ កិច្ចប្រជុំក្រុមប្រឹក្សាសមាគម នឹងត្រូវដំណើរការ ដើម្បីបង្ហាញអំពីសមិទ្ធផលការងារសំខាន់ៗក្នុងឆ្នាំ២០២៥ ពិនិត្យនិង អនុម័តផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៦ ព្រមទាំងពិនិត្យរបាយការណ៍បូក សរុបថវិកាមូលនិធិមរណៈសង្រ្គោះទៀតផង ។ ឯកឧត្តមប្រធានក៏បានធ្វើការបញ្ជាក់ ជូនក្នុងកិច្ចប្រជុំនូវបញ្ហាគន្លឹះមួយចំនួនដែលត្រូវបន្តយកចិត្តទុកដាក់អនុវត្តនិងដោះស្រាយ នៅក្នុងឆ្នាំ២០២៦ ព្រមទាំងផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដល់សមាជិកសមាជិកាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ដែលជាមូលដ្ឋានគ្រឹះ យកទៅអនុវត្តផែនការយុទ្ធសាស្ត្រ ឲ្យប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ម៉្យាងទៀតសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ត្រូវខិតខំ អនុវត្តតួនាទី និងភារកិច្ច របស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ៕






































